ប្រទេសកម្ពុជា មានសត្វដំរី ជាង៦០០ក្បាល ភាគច្រើនរស់នៅតំបន់ជួរភ្នំក្រវាញ ខ្ពង់រាបទន្លេសាប និង មណ្ឌលគិរី
ភ្នំពេញ ៖ បទល្មើសបរបាញ់សម្លាប់សត្វ«ដំរីព្រៃ» យកភ្លុក និងកន្ទុយ ដើម្បីប្រើប្រាស់ទៅតាមជំនឿពីបុរាណនៅកម្ពុជា គឺមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយសព្វថ្ងៃកម្ពុជា មានដំរីអាស៊ីប្រមាណពី៤០០ទៅ៦០០ក្បាល និងដំរីស្រុក ៧១ក្បាល។
តាមរយៈសារជាសំណេររបស់លោក នេត្រ ភក្ត្រា ដែលផ្តល់ឲ្យក្រុមអ្នកសារព័ត៌មាន តាមប្រព័ន្ធតេលេក្រាម(Telegram) កាលពីថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០២០ បានឲ្យដឹងថា បច្ចុប្បន្ន បទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ គឺស្ទើរតែគ្មានដោយសារតែការអនុវត្តច្បាប់តឹងរឹងនិងយ៉ាងល្អពីអាជ្ញាធរ ខណៈកម្ពុជាសត្វដំរីអាស៊ីរបស់កម្ពុជា មានពី៤០០ទៅ៦០០ក្បាលនោះ ភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ, តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ រីឯ សត្វដំរីស្រុកវិញ មាន៧១ក្បាល។
ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ការរិចរិលទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នានិងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ។ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្តថា សម្រាប់កម្ពុជានៅក្នុងតំបន់ទេសភាពភាគខាងកើត មានការកត់សម្គាល់ថា មានដំរីស្លាប់ចំនួន៨ក្បាល ដោយក្នុងនោះមានទាំងកូនដំរី និងដំរីធំ។ ចំពោះករណីដំរីធំងាប់ គឺសង្ស័យមានការពាក់ព័ន្ធនឹងការបរបាញ់។
តាមលទ្ធផលពីការបំពាក់ម៉ាស៊ីថតស្វ័យប្រវត្តិនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងថ្មីៗនេះ ក្នុងចំណោមកូនដំរី៧ក្បាល មាន៤ក្បាល ដែលមានអន្ទាក់នៅជាប់នឹងជើង ហើយក៏មានកូនដំរីព្រៃមួយក្បាលបានស្លាប់ដោយជាប់អន្ទាក់ផងដែរ។ នេះបើតាមលោក នេត្រ ភក្ត្រា ដោយបន្តដូច្នេះ៖«ភស្តុតាងនេះបានបញ្ជាក់ថា ការប្រើប្រាស់អន្ទាក់សម្រាប់ចាប់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា នៅតែជាក្តីព្រួយបារម្ភដ៏ចម្បងនៅឡើយ ហើយក៏ជាគ្រោះថ្នាក់ដល់សត្វដំរីអាស៊ីផងដែរ ព្រោះវាអាចបណ្តាលឱ្យសត្វដំរីរងរបួស និងស្លាប់បាន»។
សូមរំលឹកថា កាលពីដើមឆ្នាំ២០១៩ សត្វដំរីព្រៃវ័យចំណាស់មួយក្បាលបានស្លាប់ដោយនឹងគ្រាប់កាំភ្លើងកែច្នៃនៅចំណុចចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ នៅក្បែរដែនជម្រកសត្វព្រៃកែសីមា ក្នុងខេត្តមណ្ឌលគិរី ហើយភ្លុកនិងកន្ទុយរបស់វាត្រូវបានគេលួចកាត់យកទៅបាត់។ នៅឆ្នាំ២០២០នេះ កូនដំរីព្រៃចំនួន២ក្បាល គឺបានងាប់នៅក្នុងខេត្តមណ្ឌលគិរី ដោយមាន១ក្បាល ងាប់ដោយសារលង់ទឹកព្រោះជើងជាប់នឹងល្បាក់ថ្ម និង១ក្បាលទៀតកើតមកមិនមានសុខភាពល្អ បានស្លាប់ទៅវិញក្រោយក្រុមមន្ត្រីជួយសង្គ្រោះ៕EB