រដ្ឋមន្ដ្រីក្រសួងសាធារណការ ផ្ដាំផ្ញើឲ្យភាគីពាក់ព័ន្ធ រិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាន់តែមានគុណភាពខ្ពស់
សៀមរាប ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់សង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ឲ្យកាន់តែមានគុណភាពខ្ពស់ ផងដែរ។
ក្នុងកិច្ចប្រជុំពិភាក្សា លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានកោតសរសើរចំពោះអង្គភាពសាងសង់ផ្លូវ៣៨ខ្សែ ក្នុងសៀមរាប ទាំងអស់ បានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោក បានបញ្ជាក់ថា «ព្រមទាំងបានផ្ដាំផ្ញើឲ្យភាគីពាក់ព័ន្ធទាំងអស់សហការ និងពិភាក្សាគ្នារិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះ ឲ្យកាន់តែមានគុណភាពខ្ពស់ ហើយក្នុងករណីការសាងសង់កន្លងមកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឲ្យត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ»។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៣,៨៧%នៃ ទំហំការងារសរុប (២% លឿនជាងផែនការ)។ គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ ២០២១ខាង មុខនេះ។
សូមបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិ សរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក ចំណាយលើការងារ ចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែ ផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២១៕EB