ភ្នំពេញ ៖ សត្វផ្សោតទន្លេមេគង្គ (Orcaellabrevirostris) ដែលរស់នៅដាច់ស្រយាលពីគេ ក្នុងអន្លង់ ឈើ ទាលស្ថិតជាប់នឹងព្រំប្រទល់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិប តេយ្យ ប្រជាមានិតឡាវ កំពុងឈានទៅបាត់បង់ទាំងស្រុង។ ក្រុមសត្វផ្សោតដែលរស់នៅ ក្នុងអន្លង់ឈើទាល គឺជាក្រុមរស់នៅ ដាច់ដោយឡែកពីក្រុមសត្វផ្សោតដទៃទៀត ដែល កំពុងរស់នៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។ ផ្អែកតាមការសិក្សាអង្កេត ចំនួនសត្វ ផ្សោតនៅអន្លង់ឈើទាលបានថយចុះជាបន្តបន្ទាប់មកត្រឹម០៣ក្បាល ក្នុងឆ្នាំ២០១៨ និង ០១ក្បាល ក្នុងឆ្នាំ២០២១។

តាមការពិនិត្យជាក់ស្តែង អន្លង់ឈើទាលនេះ រងនូវហានិភ័យ ខ្ពស់ ដែលធ្វើឱ្យសត្វផ្សោតរស់ក្នុងអន្លង់នោះបានស្លាប់ជាបន្តបន្ទាប់ ដោយសារការប្រែ ប្រួលរបបទឹកផ្នែកខាងលើនៃទន្លេមេគង្គ និងកិច្ចសហការក្នុងការទប់ស្កាត់ការនេសាទ ដោយប្រើឧបករណ៍ហាមឃាត់ក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ម៉្យាងទៀត សត្វ ផ្សោតមួយចំនួននៅអន្លង់ឈើទាលនេះក៏បានស្លាប់បណ្តាលមកពីអាយុកាលផងដែរ។ ចំនួនសត្វផ្សោតនៃអន្លង់អន្តរព្រំដែនឡាវ-កម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់នេះ អ្នកវិទ្យា សាស្ត្របានប្រកាសរួចមកហើយ កាលពីឆ្នាំ២០១៦ ដោយលើកឡើងថា ហ្វូងផ្សោតដែល រស់នៅក្នុងអន្លង់ឈើទាលនេះនឹងឈាន ទៅផុតពូជនៅថ្ងៃខាងមុខ។ នេះបើយោងតាម សេចក្ដី ប្រកាសព័ត៌មានរបស់រដ្ឋបាលជលផល និងអង្គការ WWF។

បើតាមអង្គការ WWF សត្វផ្សោតទន្លេមេគង្គត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់ ក្នុង បញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សត្វផ្សោតទាំងនេះកំពុងរស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គចាប់ពីទីរួមខេត្តក្រចេះរហូតដល់ព្រំប្រទល់នៃប្រទេសឡាវត្រង់ប៉ែកខាងក្រោមនៃល្បាក់ខោនដែលមានចម្ងាយ ១៨០គីឡូម៉ែត្រ។ តាមលទ្ធផលជំរឿនសត្វផ្សោតក្នុងឆ្នាំ២០២០បានប៉ាន់ប្រមាណថា មាន ចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះដោយមិនរាប់បញ្ចូលចំនួនកូន ផ្សោតដែលបានកត់ ត្រាថ្មីៗ ។

លោកបណ្ឌិត Randall Reeves ប្រធានក្រុមអ្នកជំនាញវិទ្យាសាស្រ្ត ផ្នែកពពួកថនិក សត្វទឹកនៃអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) បានបានបញ្ជាក់ថា «សត្វ ផ្សោតនៃអន្លង់អន្តរព្រំដែនឡាវ-កម្ពុជានឹងឈានទៅបាត់បង់ហើយ ដោយសារវា នៅសេសសល់ចំនួនតិចតួចណាស់ ហើយត្រូវបានអ្នកវិទ្យាសាស្រ្តដឹងថាវាបានរស់នៅ ដាច់ឆ្ងាយពីហ្វូងធំៗដទៃទៀត ដែលកំពុងរស់នៅក្នុងអន្លង់នៃខ្សែទឹកខាង ក្រោមទន្លេ មេគង្គ ក្នុងខេត្តក្រចេះ និងខេត្ដស្ទឹងត្រែង»។

សូមរំលឹកថា កាលពីឆ្នាំ២០០៧ ការតាមដាន ស្ថាន ភាព និងចំនួនសត្វផ្សោតដោយផ្អែកលើអត្ត សញ្ញាណ រូបថតដែលធ្វើឡើង ដោយរដ្ឋបាលជលផលនៃរាជរដ្ឋាភិបាលកម្ពុជា និង អង្គការ WWF បានកត់ត្រាទុកសត្វផ្សោត ពេញវ័យចំនួន០៨ក្បាល ដែល ធ្លាប់បានរស់នៅក្នុងអន្លង់ អន្តរព្រំដែនឡាវ-កម្ពុជានេះ។ ការតាមដានក្រោយៗទៀតដែលបានប្រព្រឹត្តទៅតាមវដ្ត នៃការធ្វើជំរឿនសត្វផ្សោត បានបង្ហាញថាចំនួននេះបានធ្លាក់ចុះត្រឹមចំនួន០៣ក្បាល នៅ ក្នុងឆ្នាំ២០១៨ និងមកនៅត្រឹមតែមួយក្បាលប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២១នេះ ដោយផ្សោត មួយក្បាលនេះមានអត្តលេខសម្គាល់លេខ ៣៥៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ