រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បញ្ជាចៅក្រមពន្លឿន អនុវត្តនីតិវិធីស៊ើបសួរ ដើម្បីកាត់បន្ថយភាពចង្អៀតណែនតាមពន្ធនាគារ
ភ្នំពេញ ៖ ដើម្បីកាត់បន្ថយភាពចង្អៀត ណែនតាមពន្ធនាគារ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានណែនាំការអនុវត្ត វិធានការនិរន្តរាយ ក្នុងដំណាក់កាលស៊ើបសួរ ដូច្នេះចៅក្រមស៊ើបសួរ គប្បីយកចិត្តទុកដាក់ ពន្លឿនអនុវត្តនីតិវិធីស៊ើបសួរ របស់ខ្លួនឲ្យបានឆាប់រហ័ស ប្រកបដោយទទួលខុសត្រូវ ចំពោះមុខច្បាប់។
យោងតាមសេចក្ដីណែននាំរបស់ ក្រសួងយុត្តិធម៌ នាថ្ងៃទី២៥ តុលា លោក កើត រិទ្ធ បានពិនិត្យឃើញថា រយៈពេល ១ឆ្នាំ ១ខែ នៃការអនុវត្តយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ តាមសាលាដំបូងរាជធានី-ខេត្ត បានចូលរួមអនុវត្តប្រកប ដោយការយកចិត្តទុកដាក់ និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
លោកបន្ដថា ដោយផ្អែកលើលទ្ធផលល្អប្រសើរ នៃការអនុវត្តគោលការណ៍ណែនាំ ក្នុងក្របខណ្ឌនៃការ អនុវត្តយុទ្ធនាការនេះ និងដោយយោងតាម ក្រមនីតិវិធីព្រហ្មទណ្ឌ, ក្រមព្រហ្មទណ្ឌ ព្រមទាំងសេចក្ដីណែនាំរួម នឹងសារាចរពាក់ព័ន្ធនានា ក៏ដូចជាដើម្បីពន្លឿនចំណាត់ការ នីតិវិធីនៅក្នុងសំណុំរឿង និងដើម្បីចូលរួមចំណែក ដោះស្រាយភាពចង្អៀត ណែនក្នុងពន្ធនាគារ ពិសេសក្នុងបរិបទនៃ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងយុត្តិធម៌ ធ្វើការណែនាំជាថ្មី ដល់សាលាដំបូងរាជធានី-ខេត្ត ឲ្យបន្តអនុវត្តគោលការណ៍ ណែនាំដែលត្រូវបានកំណត់។
លោកបន្ថែមថា កន្លងមក ក្រសួងបានពិនិត្យឃើញ វិធានការនៃការដាក់ឲ្យស្ថិត នៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការពុំសូវត្រូវបាន ប្រើឲ្យបានទូលំទូលាយស្របតាមស្មារតី នៃក្រមនីតិវិធីព្រហ្មទណ្ឌនៅឡើយទេ ហើយជាទូទៅ ចៅក្រមស៊ើបសួរ បានប្រើឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការសម្រេចជ្រើសយកការឃុំខ្លួន បណ្តោះអាសន្នជាវិធានការនិរន្តរាយ ដើម្បីធានាដល់ដំណើរការ នៃការស៊ើបសួរ ដែលជាកត្តារួមចំណែកនាំ ឲ្យមានការកើនឡើង នៃជនជាប់ឃុំនៅតាមពន្ធនាគារ។
លោកបញ្ជាក់ថា «ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយ ភាពចង្អៀតណែននៅតាមពន្ធនាគារ ក្រសួងយុត្តិធម៌ សូមធ្វើការណែនាំ ចំពោះការអនុវត្តវិធានការនិរន្តរាយ នៅក្នុងដំណាក់កាលស៊ើបសួរ ដូចតទៅ ៖ ចៅក្រមស៊ើបសួរ គប្បីយកចិត្តដាក់ក្នុងការពន្លឿន ការអនុវត្តនីតិវិធីស៊ើបសួរ របស់ខ្លួនឲ្យបានឆាប់រហ័ស ប្រកបដោយស្មារតី ទទួលខុសត្រូវចំពោះមុខច្បាប់ និងស្របតាមស្មារតីនៃ ក្រមនីតិវិធីព្រហ្មទណ្ឌ»។
លោក កើត រិទ្ធិបញ្ជាក់ទៀតថា ចៅក្រមស៊ើបសួរ គប្បីយកចិត្តទុកដាក់ ប្រើឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមមាត្រា ២០៣ និងមាត្រាពាក់ព័ន្ធបន្តបន្ទាប់ នៃក្រមនីតិវីធីព្រហ្មទណ្ឌ ទាក់ទងនឹងការឃុំខ្លួន បណ្តោះអាសន្ន ជាពិសេសស្មារតីនៃការគោរព គោលការណ៍សេរីភាពជាចម្បង និងគោលការណ៍សន្មត ទុកជាមុនថាគ្មានទោស៕EB