ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗ ចេញអនុក្រឹត្យស្ដីពី ការបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ព្រំប្រទល់រដ្ឋបាល ក្រុងបូកគោ ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
ក្នុងអនុក្រឹត្យ របស់រាជរដ្ឋាភិបាល បញ្ជាក់ថា ក្រុងបូកគោ មានសង្កាត់ចំនួន៣ គឺ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក។ ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ត្រូវអនុលោមតាមច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ។
ជាងនេះទៅទៀត ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ និងក្រុមប្រឹក្សាស្រុកទឹកឈូ ត្រូវអនុលោមតាម មាត្រា១៨ថ្មី នៃច្បាប់ស្ដីពីការគ្រប់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕