ភ្នំពេញ  ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងផ្លូវការ ស្ដីពីការផ្អាកសកម្មភាពជួបជុំ រយៈពេល១៥ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នៅរក្សាដដែល។

ក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ និងរីករាលដាលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្រសួងអប់រំ យុវជន និងកីឡា សូមដាក់ចេញនូវវិធានការ ដូចខាងក្រោម៖

*ទី១៖ ផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំដែលមានអ្នកចូលរួមលើសពី ២០នាក់ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

*ទី២៖ ផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី១២ និងការបំប៉នត្រៀមប្រឡង ដែលធ្វើឡើងនៅក្នុងគ្រឹះស្ថានសិក្សា ឬលក្ខណៈប្រមូលផ្ដុំ។ សិស្សថ្នាក់ទី១២ ត្រូវបន្តធ្វើស្វ័យសិក្សា និងរៀនតាមអនឡាញ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ នៅរក្សាទុកដដែល

*ទី៣៖ ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល១៥ថ្ងៃ

*ទី៤៖ ផ្អាករាល់ការហាត់ប្រាណ និងលេងកីឡា ដែលមានលក្ខណៈប្រមូលផ្ដុំ រយៈពេល១៥ថ្ងៃ។

គួរជម្រាបថា នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយប្រកាស មិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើនមិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ រយៈពេល១៥ថ្ងៃ ដើម្បីទប់ស្កាត់ការរីកដាលជំងឺកូវីដ-១៩ ក្រោយផ្ទុះព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ