សម្ដេចតេជោ ហ៊ុន សែន បង្ហើបថា សម្ដេច ផលិតនាឡិកាម៉ាកអាស៊ាន ២៥គ្រឿង សម្រាប់ជាកាដូរ នៃកិច្ចប្រជុំកំពូលអាស៊ាន
ភ្នំពេញ ៖ សម្រាប់កិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី និងជាប្រធានអាស៊ាន បានបង្ហើបឱ្យដឹងថា សម្ដេច បានបញ្ជាឱ្យផលិតនាឡិកាចំនួន២៥គ្រឿង សម្រាប់ជូនថ្នាក់ដឹកនាំកំពូល និងស្ថាប័នកំពូលនាកិច្ចប្រជុំខែវិច្ឆិកាខាងមុខ។
សម្ដេចតេជោ បានថ្លែងឱ្យដឹង នាពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា «ដាក់អាស៊ានតែម្ដង ប៉ុន្តែផលិតនៅកម្ពុជា ឱ្យគេដឹងថាខ្មែរបច្ចុប្បន្ននេះអាចផលិតបាននាឡិកាហើយខ្ញុំនឹងចែកជាកាដូចជូនចំពោះប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ហើយថ្ងៃនោះខ្ញុំនឹងពាក់នាឡិកាម៉ាកអាស៊ានតែម្ដង»។
បើតាមសម្ដេច កិច្ចប្រជុំនេះ មានទាំងថ្នាក់ដឹកនាំអាស៊ាន ថ្នាក់ដឹកនាំប្រទេសដៃគូ និងប្រធានស្ថាប័នពិភពលោក ដូចជាប្រធានធនាគារពិភពលោក អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិIMF ប្រធានធនាគារADB អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។
ក្រៅពីនេះសម្ដេចក៏ឱ្យដឹងថាក៏មានដែរ វត្តមានប្រធានអង្គការសុខភាពពិភពលោក ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានអង្គការសហប្រតិបត្តិការសៀងហៃ និងប្រធានវេទិកាសសេដ្ឋកិច្ចពិភពលោក ដែលសុទ្ធតែមកចូលរួមកិច្ចសន្ទនាសាកលលើកទី២នៅកម្ពុជា៕