សម្ដេចតេជោ ហ៊ុន សែន ៖ ពីមុនក្រុមប្រឆាំង វាយប្រហាររាជរដ្ឋាភិបាល រឿងទិញរថយន្តយោធាពីចិន តែឥឡូវនេះអ្វីៗ បានបង្ហាញច្បាស់ហើយ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បន្តសួរសុខទុក្ខនិងផ្តល់អំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កាលពីមុនក្រុមប្រឆាំងវាយប្រហារ រាជរដ្ឋាភិបាលរឿងទិញរថយន្តយោធា ២៩០គ្រឿងពីចិន ដើម្បីបែងចែកឲ្យកងកម្លាំងប្រដាប់អាវុធ តែឥឡូវនេះអ្វីៗបានបង្ហាញច្បាស់ហើយ ពោលគឺរថយន្តទាំងនោះ ត្រូវបានយកមកប្រើប្រាស់ បម្រើផលប្រយោជន៍ និងសង្រ្គោះប្រជាពលរដ្ឋ ក្នុងអំឡុងពេលជួបគ្រោះជំនន់ទឹកភ្លៀង ។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចលនាសប្បុរជនដើម្បីទិញឡានឲ្យកងទ័ព នគរបាល និងអាវុធហត្ថ ចំនួន២៩០គ្រឿង ព្រោះគេយកអាហ្នឹងវៃរាជរដ្ឋាភិបាល ចង់ងាប់ ចង់រស់ ។ប៉ុន្ដែឥឡូវនេះឡាននេះវាបានបង្ហាញជូនប្រជាពលរដ្ឋកម្ពុជាថា ឡាននេះ ទន្ទឹមនឹងបំរើវិស័យការពារជាតិ វាជាប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជូនប្រជាលរដ្ឋ ក្នុងស្ថានភាពបែបនេះ»៕EB