ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវការពារសុវត្ថិភាពឲ្យបានាជាដាច់ខាត នូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការឧបសម្ព័ន្ធការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាជនពិការ (ASEAN PARA GAMES ) លើកទី១២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា «កងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ត្រូវតែរួមគ្នាដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានជាដាច់ខាត នូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ (ASEAN PARA GAMES ) លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ហើយសង្ឃឹមថា កម្លាំងគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ របស់យើងសហការគ្នាកាន់តែល្អ កាន់តែរឹងមាំ ជាពិសេសក្លាយជាកម្លាំងមួយដ៏រឹងមាំរបស់រាជរដ្ឋាភិបាល»។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា ការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពព្រឹត្តការណ៍កីឡាស៊ីហ្គេម ទទួលបានជោគជ័យទាំងស្រុងក្នុងពេលកន្លងមកបានបង្ហាញពីមោទនភាពជាតិ ប្រជាប្រិយភាព និងបានបង្ហាញកម្លាំងពិតរបស់រាជរដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិ។ ទន្ទឹមនោះ ក៏បានលើកស្ទូយនូវកិត្តិយស និងកិត្យានុភាពជាតិទាំងមូលទាំងក្នុងតំបន់ និងអន្តរជាតិ។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានឡើងពីភាពជោគជ័យក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានពាំនាំនូវការកោតសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជូនកងកម្លាំងមានសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តពេលវេលារួមចំណែកធ្វើឲ្យព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម កន្លងទៅទទួលបានភាពជោគជ័យ។ ជាមួយនឹងភាពជោគជ័យនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានលើកយកបទពិសោធន៍ និងបញ្ហាប្រឈមមួយចំនួនយកមករួមគ្នាពិនិត្យដោះស្រាយដើម្បីធ្វើឲ្យកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ រឹតតែទទួលបានភាពជោគជ័យបន្ថែមទៀត។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់អំពីការយកចិត្តទុកដាក់ត្រៀមកម្លាំងអន្ដរាគមន៍ ការដាក់បន្ថែមកម្លាំងនូវគោលដៅដែលបារម្ភ ជាពិសេពង្រឹងឲ្យបានជាដាច់ខាតនូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ទប់ស្កាត់អំពើល្មើសផ្សេងៗ រួមទាំងការរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ចរាចរណ៍ ជៀសវាងការកកស្ទះធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ។ ដោយឡែកសម្រាប់ពិធីបើក-បិទព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេម និងទីតាំងប្រកួតត្រូវតែធានាឲ្យបានដាច់ខាតនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍ទាំងមូល។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៥ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាជនពិការ (ASEAN PARA GAMES ) លើកទី១២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ ASEAN PARA GAMES ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ