ប៉ូលទេសចរណ៍ធំៗ ចំនួន៤ និងគម្រោងអភិវឌ្ឍន៍ជាង២០០ ត្រូវបានដាក់បញ្ចូល ក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប
ភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តកែប បានបញ្ចប់ការសិក្សាស្រាវជ្រាវរបស់ខ្លួន នៅក្នុងខេត្តភាគនិរតីមួយនេះ ដោយបានចងក្រងជា «សេចក្ដីព្រាងផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប» មួយឡើង ក្នុងនោះគម្រោងបង្កើតប៉ូលទេសចរណ៍ធំៗចំនួន ៤ និងគម្រោងអភិវឌ្ឍន៍ចំនួន ២៥១ គម្រោង ត្រូវបានដាក់បញ្ចូល ទៅក្នុងសេចក្តីព្រាងផែនការមេនេះ។
បន្ទាប់ពីចងក្រងបានឯកសារព្រាងនេះរួចហើយ គណៈកម្មការអន្តរក្រសួងក៏បានបើកកិច្ចប្រជុំមួយឡើង ដើម្បីត្រួតពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលបន្ថែម ទៅក្នុងសេចក្តីព្រាងផែនការមេនេះ។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
នៅក្នុងអង្គប្រជុំខាងលើនេះ លោក ថោង ខុន បានបញ្ជាក់ថា គោលបំណងនៃការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺដើម្បីអភិវឌ្ឍឱ្យខេត្តកែបក្លាយជា «គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់» ដោយគិតទៅលើភាពទាក់ទាញ ភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក ពិសេសគឺត្រូវធានាឱ្យបាននូវសមភាព សមធម៌ តម្លាភាព ចីរភាព និងនវានុវត្តន៍។
លោកបានបន្តថា ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់មួយដែលអាចជួយស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តកែប ទាំងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដូចជាក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ផងដែរ៕