នាយករដ្ឋមន្ត្រី កម្ពុជា អំពាវនាវឲ្យអាជ្ញាធរ យកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ក្នុងឱកាសពិធីបុណ្យអុំទូក
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បា នអំពាវនាវដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ សប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យអុំទូក។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២០ ថា អបអរសាទរ និងសប្បាយរីករាយ ក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០ ថ្ងៃទី១។
សម្ដេចតេជោ បន្ដថា "ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយនៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង"។
សម្ដេចតេជោ បន្ថែមថា ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា "សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យនេះ នៅទូទាំងប្រទេស"៕EB