ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចាប់ផ្តើមហើយ។
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកវិញ្ញាសារនៅវិទ្យាល័យព្រះសីសុវត្ថិ រាជធានីភ្នំពេញ។
នាព្រឹកនេះដំណើរការ សំណេរ មានសកម្មភាពឆែកប្រមូលសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗ ពីបេក្ខជន ដោយគណៈកម្មការអនុរក្ស មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧,៤១២នាក់ (ស្រី៧៣,២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១,៣៧៩នាក់ (ស្រី២៤,៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦,០៣៣នាក់ (ស្រី៤៨,៤៨៩ នាក់)៕