ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាល និងផ្តាំផ្ញើដល់មន្ត្រីនគរបាលជាតិនារី ចំនួន២រូប នៃនាយកដ្ឋានព័ត៌មានវិទ្យា ដែលនឹងចេញដំណើរទៅបន្តការសិក្សា រយៈពេល២ឆ្នាំ នៅប្រទេសជប៉ុន នាពេលដ៏ខ្លីខាងមុខ។

ក្នុងកិច្ចជួបសំណេះសំណាល និងផ្តាំផ្ញើនេះក៏មានការអញ្ជើញចូលរួមពី អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងនាយការិយាល័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

នាឱកាសនេះដែរ ឧត្តមសេនីយ៍ឯក ហោ សំអាត ក៏បានមានប្រសាសន៍កោតសរសើរចំពោះមន្ត្រីនគរបាលជាតិនារី នៃនាយកដ្ឋានព័ត៌មានវិទ្យាទាំងពីររូបដែលបានខិតខំប្រឹងប្រែងតាមរយៈការប្រកួតប្រជែងសមត្ថភាពរហូតទទួលបានឱកាសទៅបន្តការសិក្សានៅប្រទេសជប៉ុនសម្រាប់រយៈពេល០២ឆ្នាំ និងបានផ្តាំផ្ញើដល់មន្ត្រីនគរបាលជាតិនារីទាំងពីររូប ត្រូវមានវិន័យសមជាមន្ត្រីរាជការ និងត្រូវចេះស្រលាញ់សាមគ្គីគ្នាទៅវិញទៅមក និងត្រូវចេះថែរក្សាសុខភាពឲ្យបានល្អក្នុងអំឡុងពេលសិក្សានៅប្រទេសជប៉ុន។ 

លើសពីនេះទៀត ឧត្តមសេនីយ៍ឯក បានណែនាំសង្កត់ធ្ងន់ថា ចំណេះដឹងគឺពិតជាមានសារសំខាន ដូច្នេះត្រូវតែខិតខំព្យាយាមក្រេបជញ្ជក់យកចំណេះដឹងនេះឲ្យបានជោគជ័យ សម្រាប់ជាផ្នែកមួយមកចូលរួមអភិវឌ្ឍអង្គភាពពេលត្រលប់មកវិញ។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ក៏បានណែនាំ និងជំរុញឲ្យមន្រ្តីនគរបាលជាតិទាំងពីររូបឲ្យខិតខំធ្វើយ៉ាងណាបន្តពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យបានច្រើន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការសិក្សាឲ្យទទួលបានជោគជ័យ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មាន យើងគឺជាគ្រួសារតែមួយ ហើយក្នុងឱកាសនៃការបន្តការសិក្សានៅប្រទេសជប៉ុនរយៈពេល០២ឆ្នាំនេះ ប្រសិនបើមន្ត្រីនគរបាលទាំងពីររូបជួបនូវឧបសគ្គណាមួយ ក្នុងនាមឯកឧត្តមផ្ទាល់ ក៏ដូចជានាយកដ្ឋាននឹងនៅតែបន្តជួយគាំទ្រទាំងស្មារតី និងសម្ភារៈតាមការចាំបាច់ជាក់ស្ដែងផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ