ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូ ដែលមានការពាក់ព័ន្ធ ទោះក្នុងរូបភាពដោយប្រយោល ឬដោយផ្ទាល់ក្ដីទៅលើការបង្ខាំង ការបង្ខំឱ្យមនុស្សធ្វើការ ជួញដូរតាមរូបភាពទទួលមនុស្សឆ្លងដែនដោយខុសច្បាប់ឱ្យធ្វើការដែលមានការចាត់តាំង ជាដើម។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងក្នុងសេចក្តីណែនាំកាលពីថ្មីៗមកនេះថា ក្នុងករណីរកឃើញម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូប្រព្រឹត្តបទល្មើសដូចមានចែងខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្អាកទីតាំងអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសបុគ្គលដែលមានការពាក់ព័ន្ធស្របតាមច្បាប់ជាធរមាន ព្រមទាំងស្នើសុំរាជរដ្ឋាភិបាលដើម្បីលុបអាជ្ញាប័ណ្ណអាជីវកម្មជាស្ថាពរ ។

លោកថា រដ្ឋបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការរដ្ឋបាល និងច្បាប់ ក៏ដូចជា ផ្អាកទីតាំងអាជីវកម្មបណ្តោះអាសន្នចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូណា ដែលបង្ខាំង ឬបង្ខំបុគ្គលិក កម្មករ និយោជិត ឱ្យបម្រើការងារផុតពីលក្ខខណ្ឌ និងច្បាប់ស្តីពីការងារ ។

លោក គួច ចំរើន បានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូដែលប្រើប្រាស់ហត្ថពលករដោយបង្ខំ។

សូមរំលឹកថា ក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញថា ការជ្រើសរើសការគ្រប់គ្រង ការចាត់ចែង ការអនុវត្តកិច្ចសន្យាការងាររវាងនិយោជក និងបុគ្គលិក កម្មករ និយោជិតមួយចំនួននៅមិនទាន់ស្របតាមនីតិវិធីច្បាប់នៅឡើយ ដែលជាហេតុបណ្តាលឱ្យកើតមានវិវាទការងារ ហើយរដ្ឋបាលខេត្តក៏បានទទួលពាក្យបណ្តឹង និងដោះស្រាយវិវាទការងារជាបន្តបន្ទាប់ច្រើនករណីមកហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ