ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា នៅថ្ងៃខាងមុខនេះ ប្រទេសកម្ពុជានឹងទទួលសត្វដំរីអាស៊ីមួយក្បាល ដែលជាអំណោយរបស់ រដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីយកមកបន្តពូជជាមួយដំរីកម្ពុជា ព្រមទាំងធ្វើការព្រលែងក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តឧត្តរមានជ័យ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានថ្លែងថា សត្វដំរីអាស៊ីមួយក្បាលនេះមានឈ្មោះ កាវ៉ាន់ អាយុ៣៥ឆ្នាំ ហើយនឹងត្រូវដឹកជញ្ជូនពីប្រទេសប៉ាគីស្ថាន ទៅកាន់ព្រៃនៅតំបន់ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជា ដោយមានការសម្របសម្រួលពីអង្គការ CWS។ ជាមួយនឹងការមកដល់សត្វព្រៃដ៏កម្រនេះដែរ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធទាំងអស់នឹងជួយឱ្យការអភិរក្សដំរីអាស៊ីមួយក្បាលនេះ ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជឱ្យបានគង់វង្សយូរអង្វែងថែមទៀតនៅកម្ពុជា។

ពាក់ព័ន្ធនឹងការបញ្ជូនសត្វដំរីអាស៊ី ពីប្រទេសប៉ាគីស្ថាន មកកាន់ប្រទេសកម្ពុជា លោក នេត្រ ភក្រ្តា បានលើកឡើងថា «ពេលនេះ គេកំពុងរៀបចំនីតិវិធីក្នុងការបញ្ជូនសត្វដំរីមួយក្បាលនេះ មកកម្ពុជា ហើយតាមអ្វីដែលគេគ្រោងទុក និងការសម្របសម្រួលរវាងអង្គការ CWS និងអង្គការមួយនៅប្រទេសប៉ាគីស្ថាន គេគ្រោងដឹកតាមយន្តហោះមកតែម្តង។

មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានបញ្ជាក់ថា «នៅពេលសត្វដំរីឈ្មោល ឈ្មោះ កាវ៉ាន់ មួយក្បាលនេះត្រូវបានគេដឹកមកដល់ប្រទេសកម្ពុជា នឹងត្រូវផ្ទេរទៅព្រៃនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តឧត្តរមានជ័យ ដែលថែរក្សាដោយអង្គការ CWS និងក្រសួងបរិស្ថាន។ ជាមួយគ្នាសត្វដំរីកាវ៉ាន់ ភេទឈ្មោលមួយនេះ គឺស្ថិតនៅក្នុងចំណោមសត្វដំរីអាស៊ី ដែលជិតផុតពូជផងដែរ។ យើងនឹងថែរក្សាកាវ៉ាន់ ហើយបន្ទាប់ពីវាស្គាល់ព្រៃឈើនៅប្រទេសកម្ពុជាយើងនឹងដោះលែងវាទៅក្នុងព្រៃ ហើយសង្ឃឹមថាកាវ៉ាន់ រីករាយនឹងព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា។ ប្រទេសកម្ពុជា ពិតជាមានដំរីអាស៊ីចន្លោះពី ៤០០ ទៅ ៦០០ ក្បាលរស់នៅក្នុងតំបន់ការពារធម្មជាតិក្រវាញនិងនៅភាគខាងជើងនៃប្រទេសកម្ពុជា (មណ្ឌលគីរីខេត្តរតនគិរី)»។

រដ្ឋលេខាធិការរូបនេះ បានបន្ដថា នៅកម្ពុជាយើងបើគេគិតពីកម្រិតនៃការបរបាញ់សត្វដំរីព្រៃត្រូវបានកត់សម្គាល់ឃើញថា មានការធ្លាក់ចុះខ្លាំងស្ទើរតែគ្មានក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ដោយសារតែអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការអនុវត្តច្បាប់បានយ៉ាងល្អ ខណៈពីជាង៣០ឆ្នាំមុន ការបរបាញ់បានសម្លាប់សត្វដំរីព្រៃអស់ជាច្រើនក្បាល។ ជាមួយគ្នានគេក៏កត់សម្គាល់ឃើញដែរថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃ បានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីតាមរដូវកាល និងការស្វែងរកចំណីអាចរងការរំខានដោយសារតែវត្តមានរបស់មនុស្សនៅក្នុងតំបន់ដែនជម្រករបស់ពួកវា។ លើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការសម្លាប់នៅពេលដំរី បានចូលមកស៊ីដំណាំរបស់ពួកគេ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមផងថា បច្ចុប្បន្ននៅប្រទេសកម្ពុជា មានដំរីអាស៊ីចំនួនចន្លោះប្រមាណពី៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន ៧១ក្បាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ