ក្រសួងសាធារណការ ណែនាំក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៣ កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាត មុនដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្ន
ភ្នំពេញ ៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ដែលសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) ត្រូវកែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាត មុនធ្វើការ ប្រគល់-ទទួល និងដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ន។
ក្នុងឱកាសចុះពិនិត្យការងារបច្ចេកទេសសាងសង់កំណាត់ផ្លូវជាតិលេខ៣ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ខាន់ ម៉ាណេរ បានបញ្ជាក់ថា «ឱ្យក្រុមហ៊ុនសាងសង់កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់ មួយចំនួនតូច មុននឹងធ្វើការ ប្រគល់-ទទួល រវាងក្រសួង និងក្រុមហ៊ុនសាងសង់»។
ឆ្លៀតឱកាសនោះ លោក រដ្ឋលេខាធិការ បានសំណូមពរឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិ ឱ្យបានគង់វង្ស អាចប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក ។
លោក បានទទូចថា «សូមកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែក ក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើន»។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩ គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)៕EB