កម្ពុជា ជឿជាក់ថា យានអវកាសរបស់ចិន ឈ្មោះ ស៊ូរ៉ុង ចុះចតដោយជោគជ័យលើភពអង្គារនោះ នឹងផ្តល់ប្រយោជន៍ការរុករកវិទ្យាសាស្ត្រ របស់មនុស្សជាតិទាំងមូល
ភ្នំពេញ ៖ ក្រោយពីយានអវកាសរបស់ចិ ឈ្មោះ «ស៊ូរ៉ុង» ចុះចតដោយជោគជ័យលើភពអង្គារ នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជឿជាក់ថា សមិទ្ធផលដ៏ធំធេងនេះ នឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករក វិទ្យាសាស្ត្រ របស់មនុស្សជាតិទាំងមូល។
ក្នុងសារលិខិតផ្ញើជូន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីសម្តែងការអបអរសាទរចំពោះយានអវកាស «ស៊ូរ៉ុង» ដែលបានចុះចតដោយជោគជ័យលើភពអង្គារ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដែលយានអវកាស “ស៊ូរ៉ុង” បានចុះចតដោយជោគជ័យលើភពព្រះ អង្គារ ក្នុងបេសកកម្ម “ធានវិន-១» កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១»។
សម្ដេចតេជោ បានចាត់ទុកថា នេះគឺជាសមិទ្ធផលដ៏ធំធេងមួយទៀត ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ ក្នុងកម្មវិធីអវកាស និងការរុករកក្នុងលំហអាកាសរបស់ចិន។
សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលដ៏ធំធេងនេះ នឹងចូលរួមចំណែកដ៏ធំធេងដល់ការស្រាវជ្រាវ វិទ្យាសាស្ត្រ នៃបេសកកម្មក្នុងលំហអាកាសរបស់ចិន ដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្រ របស់មនុស្សជាតិទាំងមូល»។
ជាងនេះទៅទៀត សម្តេចតេជោ នាយករដ្ឋមន្រ្តី បានជូនពរ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មានសុខភាពល្អ សុភមង្គល និង បន្តទទួលបានជោគជ័យក្នុងការដឹកនាំប្រទេសឱ្យបាន កាន់តែរុងរឿងថែមទៀត៕EB