ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្ដេជ្ញាឲ្យការងារ ផ្ទេរសេវារដ្ឋបាលទៅយន្តការច្រកចេញចូលតែមួយ ចប់សព្វគ្រប់់ នៅដំណាច់ឆ្នាំ២០២០នេះ។

ក្នុងកិច្ចប្រជុំ អំពីវឌ្ឍនៈភាព នៃការផ្ទេរសេវារដ្ឋបាលទៅយន្តការច្រកចេញចូលតែមួយ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងថា «ខ្ញុំគាំទ្រទាំងស្រុង នៃការផ្ទេរសេវារដ្ឋបាលទៅ យន្តការ ច្រកចេញចូលតែមួយទៅថ្នាក់ក្រោមជាតិ។ យោងតាមលិខិត សម្ដេចក្រឡាហោម ស ខេង ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឲ្យក្រសួងសាធារណការ ធ្វើការងារផ្ទេរ សេវារដ្ឋបាលចប់សព្វគ្រប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០»។

លោកបានបន្ដថា ការងារខាងលើនេះ ក្រុមការងារក្រសួងបានខិតខំប្រឹងប្រែង ធ្វើឲ្យបានចប់សព្វគ្រប់នៅ ខែឧសភា ដែរ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ ធ្វើឲ្យ សម្ភារទិញមកពីបរទេស មានការយឺតយ៉ាវក្នុងការបញ្ជូនសម្ភារទាំងនោះមកកម្ពុជា ហើយប្រទេសទាំងនោះក៏បានសន្យាថា នឹងបញ្ជូនសម្ភារទាំងនោះមក ដល់កម្ពុជា ឆាប់ៗនេះ ដើម្បីយកទៅបំពាក់នៅការិយាល័យ២៩ផ្សេងទៀតដែលមិនទាន់ បាន បំពាក់ជូន។

លោក បានរៀបរាប់ថា សព្វថ្ងៃក្រសួងបំពាក់បាន៥៤ការិយាល័យ លើ៨៣ការិយាល័យ ដូច្នេះនៅសល់ ២៩ ការិយាល័យទៀត។ ហើយសម្ភារទាំងនោះមកដល់កម្ពុជាភ្លាម ក្រសួងនឹងរៀប ចំ បំពាក់ជូនទៅការិយាល័យទាំង២៩បន្ថែមទៀត។ នៅពេលរងចាំសម្ភារ ក្រសួងសាធារណការ និងក្រសួងមហាផ្ទៃ ក៏បាន ឯកភាពគ្នាបង្កើតក្រុមការងារ អន្ដរក្រសួង ដើម្បីពិនិត្យការផ្ទេរសេវារដ្ឋបាលឲ្យប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស ជូនប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា ដើម្បីឲ្យការងារ ផ្ទេរសេវារដ្ឋបាល កាន់តែមានប្រសិទ្ធបន្ថែមទៀត ត្រូវកែសម្រួលប្រព័ន្ធព័ត៌មានវិទ្យា ដោយសារមិនទាន់សមស្របតាមនិតិវិធីថ្មី ហើយ ក្រុមការងារអន្ដរក្រសួង បានជួបពិភាក្សាជាមួយក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីធ្វើការងារនេះ។ នៅពេលសម្ភារមកដល់កម្ពុជា ក្រុមការងារអន្ដរក្រសួងនឹងរៀបចំប្រព័ន្ធកុំព្យូទ័រឡើងវិញ ដោយប្រើប្រាស់រយៈពេល៣ខែ ហើយក្រុមការងារអន្ដរក្រសួងបានប្ដេជ្ញាថា នឹងធ្វើ ការងារ ផ្ទេរសេវារដ្ឋបាលឲ្យចប់សព្វគ្រប់់ នៅដំណាច់ឆ្នាំ២០២០នេះ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការអនុវត្ត នូវច្រកចេញចូលតែមួយ មានទាំងចំណុចខ្លាំង និងចំណុចខ្សោយ ដូចជា៖ ភាពយឺតយ៉ាវនៃសម្ភារ ដែលត្រូវបំពាក់នៅការិយាល័យច្រកចេញចូលតែមួយ ដែលនាំឲ្យមានការសុំពន្យារពេលរៀបចំច្រកចេញចូលតែមួយនេះដល់ដំណាច់ ឆ្នាំ២០២០ និងការតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា រវាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយនឹងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ពាក់ព័ន្ធទៅនឹង ចំណុចខ្វះខាតនេះ សម្ដេចក្រឡាហោម ស្នើឲ្យអង្គប្រជុំចូលរួមផ្ដល់យោបល់ ពិភាក្សាលើចំណុចទាំងនេះបន្ថែមទៀត។

សូមជម្រាបជូនថា លទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្ដរបស់ ការិយាល័យ ច្រកចេញចូលតែមួយ (ក្រុង-ស្រុក-ខណ្ឌ) តាមរយៈប្រព័ន្ធស័្វយប្រវត្តិកម្ម បានឲ្យដឹងថា ការអនុវត្តការចុះបញ្ជីទោចក្រយានយន្ដនៃការិយាល័យច្រកចេញ តែមួយមានចំនួន៥២ការិយាល័យ ក្នុងនោះការិយាល័យក្រុងតាខ្មៅ អនុវត្តការងារ បានល្អ ហើយការិយាល័យច្រកចញចូលតែមួយ ចំនួន១៩ បានអនុវត្តការងារបាន ល្អបង្គួរ មិនសូវមានកំហុស និងការិយាល័យច្រកចញចូលតែមួយ ចំនួន៣២ អនុវត្តការងារបានមធ្យម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ