លោក សម រង្ស៊ី ប្រកាសចូលស្រុកជាថ្មីម្តងទៀត ខណៈលោក សុខ ឥសាន ឆ្លើយតបវិញថា ឲ្យតែ សម រង្ស៊ី ក្លាហាន
ភ្នំពេញ ៖ ជាថ្មីម្តងទៀតលោក សម រង្ស៊ី តាមរយៈកូនចៅជំនិតរបស់លោក គឺលោក គង់ សាភា បានប្រកាសថា លោក សម រង្ស៊ី នឹងវិលចូលស្រុកខ្មែរក្នុងពេលឆាប់ៗខាងមុខនេះ ដោយមិនខ្វល់ពីការលើកលែងទោសអ្វីនោះទេ ។ ចំពោះការប្រកាសនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនជំទាស់ទេ ឲ្យតែលោក សម រង្ស៊ី មានភាពក្លាហានចូល ។ ទោះជាយ៉ាងណាលោក សុខ ឥសាន ថា គ្មានជំនឿនឹងចូលមកទេ ព្រោះនេះ ជាការប្រកាសក្នុងផ្លូវអារម្មណ៍ ។
ការប្រកាសចូលស្រុករបស់លោក សម រង្ស៊ី នេះ មិនមែនជាលើកដំបូងនោះទេ រាប់ទាំងលើកនេះទៀត ៣លើកហើយ ដោយលើកទី១ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ , លើកទី២ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ និងលើកទី៣នេះ ប្រកាសឡើងនាថ្ងៃ១០ វិច្ឆិកា នេះតែម្តង ។ តើលើកទី៣ នេះ ការប្រកាសរបស់លោកពិតប្រាកដឬយ៉ាងណា ? ឬគ្រាន់តែជាការប្រកាសខ្យល់ និងប្រកាសក្នុងផ្លូវអារម្មណ៍ដូចលោក សុខ ឥសាន ថាមែន?។
លោក គង់ សាភា ដែលគេគ្រប់គ្នាដឹងថា ជាកូនប្រុសម្នាក់របស់លោក គង់ គាំ នោះមិនបានបញ្ជាក់ ថ្ងៃណាច្បាស់លាស់ពីលោក សម រង្ស៊ី វិលមកទេ ។ លោកគ្រាន់តែបញ្ជាក់ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ១០ វិច្ឆិកា ថា «លោកប្រធាន សម រង្ស៊ី បានបញ្ជាក់គោលដៅយ៉ាងច្បាស់លាស់ថា លោកនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ លោកមិនខ្វល់ពីការលើកលែងទោសពីលោក ហ៊ុន សែន ទេពីព្រោះលោកមិនមានទោសកំហុសអ្វីទេ ។ លោកប្រធានមិនខ្វល់ពីការលើកលែងទោសពីព្រះមហាក្សត្រនោះទេ»។
ជាការឆ្លើយតប លោក សុខ ឥសាន បានបញ្ជាក់ថា កាលពីលោ កសម រង្ស៊ី និរទ្ទេសខ្លួនឯង ទៅក្រៅប្រទេសគ្មានអ្នកណាហាមឃាត់ទេ អីចឹងការប្រកាសចូលស្រុកនេះ គឺជាភាពក្លាហានរបស់លោក សម រង្ស៊ី ហើយ តែឲ្យតែលោក សម រង្ស៊ី ឈានជើងចូលដីកម្ពុជាពេលណានោះ គឺអនុវត្តតាមច្បាប់ហើយ ព្រោះលោក សម រង្ស៊ី មានសំណុំរឿងជាច្រើននៅក្នុងដៃតុលាការ។
លោក បានសង្កត់ធ្ងន់ថា «បើគាត់(លោក សម រង្ស៊ី)ក្លាហានពិតប្រាកដមែន គាត់ចូលហើយ ។ រដ្ឋអំណាច ក៏ដូចជារាជរដ្ឋាភិបាលគឺអនុវត្តផ្លូវច្បាប់ ពីព្រោះបុគ្គលហ្នឹង គឺមានដីកាចាប់ខ្លួនរួចហើយ ។ ដូច្នេះមានវត្តមាននៅក្នុងប្រទេស គឺគេអនុវត្តច្បាប់របស់ប្រទេសហើយ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ីបានប្រកាសចូលស្រុកម្តងរួចមកហើយ តែបរាជ័យក្រោមហេតុផលថា គេរាំងស្ទះមិនឲ្យចូលស្រុក៕