ភ្នំពេញ ៖ បន្ទាប់ពីបានបិទទ្វារអស់រយៈប្រមាណជា៦ខែ ព្រោះតែជំងឺកូវីដ១៩នោះ គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនមួយចំនួនបានបើកទ្វារសិក្សាឡើងវិញហើយ នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ។

គ្រឹះស្ថានអប់រំរបស់រដ្ឋ ដែលបើកទ្វារទទួលសិស្សនៅថ្ងៃនេះ សម្រាប់២១រាជធានី-ខេត្ត បើកទ្វារសម្រាប់តែថ្នាក់ទី៩ និងថ្នាក់ទី១២។ រីឯទីរួមខេត្ត៤ផ្សេងទៀត ដែលមានហានិភ័យឆ្លងជំងឺកូវីដ១៩ទាប គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី អនុញ្ញាតឱ្យបើកទ្វារគ្រប់កម្រិតសិក្សាពីថ្នាក់ទី១ ដល់ទី១២។ ក្រៅពីនេះ ក្រសួងអប់រំ ក៏អនុញ្ញាតឲ្យមានការបើកសាលារៀនតាមលទ្ធភាពជាក់ស្តែងនៅតាមរាជធានី-ខេត្តមួយចំនួនទៀតផងដែរ។

ក្រៅពីគ្រឹះស្ថានសិក្សារដ្ឋ គ្រឹះស្ថានសិក្សាឯកជនចំនួន ៣០០កន្លែង ពីកម្រិតមត្តេយ្យ ដល់ឧត្តមសិក្សា ក៏នឹងបើកទ្វារសាលាឡើងវិញផងដែរ បន្ទាប់ពីក្រសួងអប់រំចុះពិនិត្យនិងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងសាលាអំពីការអនុវត្តវិធានការសុវត្ថិភាព។

ការចាប់ផ្តើមបើកសាលារៀនឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានសភាពធូរស្រាលដោយអ្នកឆ្លងបានព្យាបាលជាសះស្បើយជិតអស់ ហើយមិនមានអ្នកឆ្លងថ្មី។ បើទោះបីជាយ៉ាងនេះក្តី ការបើកសាលារៀនឡើងវិញ ក៏នៅតែត្រូវបានយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់ការឆ្លង ឬចម្លងជំងឺកូវីដ១៩នេះនៅក្នុងថ្នាក់រៀន។

តាមការណែនាំរបស់ក្រសួងអប់រំ ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩ នេះ ក្រសួងបានកំណត់ឱ្យរៀបចំចំនួនអ្នកសិក្សា ២០ ទៅ ២៥នាក់ ក្នុងបន្ទប់រៀន (តុ កៅអីសិស្ស និងតុគ្រូ) រៀបចំវេនសិក្សា ដើម្បីធានាគម្លាតសុវត្ថិភាពក្នុងបរិវេណគ្រឹះស្ថានសិក្សា សីតុណ្ហភាពក្នុងបន្ទប់រៀនមិនត្រូវទាបជាង ២៤អង្សារសេ និងមានខ្យល់ និងពន្លឺគ្រប់គ្រាន់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ