វេជ្ជបណ្ឌិតជំនាញចិនម្នាក់ ក្នុងចំណោម៧នាក់ ដែលបានមកប្រទេសកម្ពុជាចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ បានផ្តល់យោបល់ថា ខែមេសានេះ គឺជាដំណាក់កាលសំខាន់បំផុត សម្រាប់ទប់ទល់នឹងមេរោគដ៏សាហាវនេះ ព្រោះជាពេលដែលកម្ពុជាអបអរពិធីបុណ្យចូលឆ្នាំថ្មី។

អ្នកសារព័ត៌មានចិន អ្នកនាង Sarai Zhang ដែលបានជួបសម្ភាសន៍លោកវេជ្ជបណ្ឌិត Ai Xiang បានដកស្រង់ឲ្យដឹងថា សម្រាប់កម្ពុជា ខែមេសានេះគឺដំណាក់កាលសំខាន់គន្លឹះតែម្តងសម្រាប់ទប់ទល់នឹងមេរោគដ៏សាហាវនេះ។ ពិសេសក្នុងខែនេះ ប្រទេសកម្ពុជានឹងអបអរសាទរចូលឆ្នាំថ្មី បើយើងធ្វេសប្រហែស យល់ឃើញថា អ្នកឆ្លងក៏មិនសូវច្រើនទេបើប្រៀបធៀបជាមួយប្រទេសមួយចំនួន។ ហើយស្ថិតនៅផ្ទះយូរ មានអារម្មណ៍អផ្សុកដែរ ចង់ឆ្លៀតឱកាសចូលឆ្នាំថ្មីជួបជុំជាមួយមិត្តភក្តិ បងប្អូន ញាតិសន្តាន ក្រុមគ្រួសារ នោះនឹងមានហានិភ័យធំណាស់សម្រាប់ឆ្លងមេរោគដោយមានលក្ខណៈសហគមន៍។

ប្រភពដដែលបានបន្តថា បើមានការឆ្លងមេរោគជាលក្ខណៈសហគមន៍នោះ ចំនួនមនុស្សឆ្លងនឹងផ្ទុះយ៉ាងលឿន ហេតុដូច្នេះសង្ឃឹមថា ប្រជាជនខ្មែរគ្រប់គ្នាគួរតែយកចិត្តទុកដាក់និងប្រុងប្រយ័ត្នជាងគេចំពោះការនេះ។ សូមយកប្រទេសចិនជាឧទាហរណ៍ ពេលមេរោគកូវិដ១៩ផ្ទុះឡើង គឺចំនឹងបុណ្យចូលឆ្នាំចិន។

«សង្ឃឹមថាប្រជាជនខ្មែរក៏អាចទ្រាំនៅផ្ទះក្នុងបុណ្យចូលឆ្នាំថ្មីនេះ។ យើងនៅផ្ទះអត់ជួបជុំគ្នាតែលើកនេះ ការពារអាយុជីវិតយើង ចាំផុតពីគ្រាពិបាកនេះ យើងពិតជានឹងមានឱកាសច្រើនសប្បាយរីករាយ។ យើងអត់ជួបជុំគ្នាក្នុងពេលចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីការពារខ្លួនផង ការពារក្រុមគ្រួសារផង ការពាអ្នកផ្សេងផង រហូតដល់ការពារប្រជាជនខ្មែរទាំងអស់តែម្តង»។ នេះបើតាមលោកវេជ្ជបណ្ឌិតជំនាញចិនដដែល ដកស្រង់ដោយអ្នកនាង Sarai Zhang៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ