លោកឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការងាររៀបចំកសាងផែនការយុទ្ធសាស្ដ្រ ICT ក្រសួងមហាផ្ទៃ និងការងារពាក់ព័ន្ធមួយចំនួន
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូសន្និសីទ Zoom ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការងាររៀបចំកសាងផែនការយុទ្ធសាស្ត្រ ICT ក្រសួងមហាផ្ទៃ និងកិច្ចការងារពាក់ព័ន្ធជាអាទិភាពមួយចំនួនទៀត ដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារបច្ចេកទេស លេខាធិការដ្ឋាន នៃក្រុមការងាររដ្ឋាភិបាលឌីជីថល ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំអង្គប្រជុំពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០៥។
ក្រោយបញ្ចប់កិច្ចពិភាក្សា លោក ឧត្តមសេនីយ៍ឯក ហោ សំអាត ប្រធានអង្គប្រជុំបានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំនារសៀលនេះ ដោយលោក ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់សម្រាប់ការងារក្រសួងមហាផ្ទៃ ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ឯក បានវាយតម្លៃខ្ពស់ និងបានផ្តល់មតិបូកសរុបឯកភាពលើវឌ្ឍនភាពនៃការងាររៀបចំកសាងផែនការយុទ្ធសាស្ត្រ ICT ក្រសួងមហាផ្ទៃ ដែលក្រុមការងារជំនាញបានរៀបចំ និងចងក្រងជាផែនការយុទ្ធសាស្ត្រក្នុងពេលកន្លងមក។
លោក ក៏បានផ្តល់អនុសាសន៍ណែនាំបន្ថែមដល់អង្គប្រជុំ ឱ្យខិតខំធ្វើយ៉ាងណាឱ្យដំណើរការការងាររៀបចំកសាងផែនយុទ្ធសាស្ត្រ ICT ក្រសួងមហាផ្ទៃនេះ ប្រព្រឹត្តទៅរលូន និងមានលក្ខណៈគ្រប់ជ្រុងជ្រោយដោយជោគជ័យ។
គួររំលឹកផងដែរថា ក្រុមការងារបច្ចេកទេស លេខាធិការដ្ឋាន នៃក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នេះបង្កើតឡើងគឺដើម្បីធ្វើជាសេនាធិការរបស់ក្រសួងមហាផ្ទៃដោយផ្ទាល់ ដែលមានសមាសភាពជាថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីនៃនាយកដ្ឋានព័ត៌មានវិទ្យា ដើម្បីធ្វើបច្ចុប្បន្នភាពសម្រង់ស្ថិតិ ស្តីពីស្ថានភាពបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) តាមបណ្តាអគ្គនាយកដ្ឋានទាំង១១ ចំណុះក្រសួងមហាផ្ទៃ ដែលធ្វើការស្រង់យកនូវកម្រងសំនួរនានាពីអង្គភាពចំណុះក្រសួងមហាផ្ទៃ សម្រាប់ធ្វើជាធាតុចូលក្នុងផែនការរដ្ឋាភិបាលឌីជីថល៕