ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេច មិនបន្តប្តឹងទៅសាលាឧទ្ធរណ៍ នៅប្រទេសបារាំងប្រឆាំងនឹង លោក សម រង្ស៊ី នោះទេ ក្រោយសម្តេច ពេញចិត្តនឹងសាលក្រមរបស់តុលាការបារាំង បានផ្តល់យុត្តិធម៌ និងផ្តល់ភាពស្អាតស្អំជូនដល់រូបសម្តេច។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែល សម្ដេច ចង់ពីតុលាការបារាំង ពាក់ព័ន្ធនឹងបណ្តឹងប្តឹងលោក សម រង្ស៉ី ពីបទបរិហារកេរ្តិ៍នោះ គឺសម្ដេចចង់បានយុត្តិធម៌ និងភាពស្អាតស្អំ តែប៉ុណ្ណោះ ហើយ សម្ដេច ក៏បានអរគុណដល់តុលាការបារាំង ដែលបានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំ ជូនចំពោះសម្ដេច។

សម្តេចតេជោ អះអាងថា នេះ គឺជាអ្វីដែលសម្តេចចង់បានបំផុតពីតុលាការបារាំង ហើយ គឺជាអ្វីដែល សម្តេច តាមប្តឹងលោក សម រង្ស៊ី ដល់ផ្ទះរបស់ជននេះផងដែរ។ ក៏ប៉ុន្តែ បើសិនលោក សម រង្ស៊ី ចង់ប្តឹងទៅសាលាឧទ្ធរណ៍ប្រទេសបារាំងនោះ គឺសម្តេចអាចតាមកំដររហូតដល់ទីបញ្ចប់បាន។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា អ្វីដែលចង់បាននោះ គឺចង់បានភាពស្អាតស្អំនៅប្រទេសបារាំងតែម្ដង។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យប់មិញនេះ គឺមានការឃោសនាច្រើនណាស់ ប៉ុន្តែខ្ញុំគួរតែត្រូវបញ្ជាក់ តើ ហ៊ុន សែន ចង់បានអី បានជាតាមវាយឯងដល់ផ្ទះ…ហ៊ុន សែន ចង់បានពាក្យស្អាតស្អំ នៅទីនោះ អត់មានចង់បានអីទេ ពួកគេ គិតថា ពួកគេឈ្នះ គេអាចនិយាយទៅរួច ក៏ប៉ុន្តែខ្ញុំគួរតែត្រូវបានដកស្រង់ នេះសាលក្រមទាំងមូល ដែលជាភាសាបារាំង ដែលមាន ១៣ទំព័រៗ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ