ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩នៅកម្ពុជា ដោយបញ្ជាក់ថា ក្រសួងទើបរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ដែលជាអ្នកដំណើរទើបត្រឡប់មកពីសហរដ្ឋអាមេរិក។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងថ្មីនេះ គឺជាស្ត្រីជនជាតិអាមេរិកកាំអាយុ ៣៥ឆ្នាំ ស្នាក់នៅណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើ តេស្កវត្ថុសំណាកលើកទី២ នៅថ្ងៃទី៧នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា អ្នកដំណើរតាមជើងហោះហើរខាងលើនេះ សរុបមានចំនួន ៦៦នាក់ ដែលបានធ្វើ តេស្តលើកទី១ ពេលមកដល់កម្ពុជានោះ គឺ អវិជ្ជមានវីរុសកូវីដ-១៩។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផល ធ្វើតេស្តលើកទី២របស់ពួកគាត់ គឺមានវិជ្ជមានវីរុសកូវីដ-១៩ លើស្ត្រីជនជាតិអាមេរិកកាំងម្នាក់ខាងលើ។ រីឯអ្នកដំណើរចំនួន ៦៥នាក់ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ នៅពេលធ្វើតេស្តរកទី១នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារចំនួន៥កន្លែង នៅក្នុងរាជធានីភ្នំពេញ (ចំនួន៤៧នាក់) នៅវិទ្យាល័យពោចិនតុងចំនួន ១៦នាក់ និងនៅស្ថានទូតអាមេរិកចំនួន០៣នាក់។ ដូច្នេះ អ្នកដំណើរដែលនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៣៧នាក់ ដែលមានហានិភ័យក្នុងការចម្លងបន្តពីស្ត្រីខាងលើនេះ តម្រូវឱ្យនៅបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ បន្ថែមទៀត ដើម្បីតាមដានសុខភាពជាបន្ត។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជាអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០១នាក់ (ស្រី ៦១នាក់ និងបុរស ២៤០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ