ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហមទៅ ទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាង នូវភាពកកកុញ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៤ ឧសភា នេះ សម្ដេច ទៀ បាញ់ បានអំពាវនាវ យ៉ាងដូច្នេះថា « សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ ក្រហម នៃខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មកទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់ របស់អាជ្ញាធរ ដើម្បីចៀស វាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ “៣ការពារ ៣កុំ”»។


សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ក្រុមការងារអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិ គ្រោងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ឱ្យរួចរាល់ត្រឹម ខែឧសភា ឆ្នាំ២០២១។


សូមរំលឹកថា រយៈពេល៣ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ១០ម៉ឺននាក់ហើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី១ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ