ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងសហការជាមួយ ស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំគម្រោង ចំនួន៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតាមច្រកទ្វារអន្តរជាតិ ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម លើកទី២ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានលើកឡើងថា កិច្ចព្រមព្រៀងក្របខណ្ឌរវាង ក្រសួងសាធារណការ ជាមួយក្រុមហ៊ុន YCH ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ត្រូវបានរៀបចំជាសេចក្ដីព្រាងរួចរាល់ ហើយដែល នឹងត្រូវកែសម្រួលឡើងវិញបន្ទាប់ពីទទួលបានធាតុចូលបន្ថែមទៀតពីអង្គប្រជុំ ធ្វើយ៉ាងណាឲ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារ និងវិសាលភាពឆ្លើយតបទៅនឹងកម្មវត្ថុនៃកិច្ចព្រមព្រៀង ព្រមទាំងផ្ដល់ប្រយោជន៍ដល់ជាតិមាតុភូមិ។ 

ដោយឡែកវឌ្ឍភាពនៃការរៀបចំគម្រោងធ្វើឲ្យប្រសើរឡើងនូវចក្រទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប លោក ស៊ុន ចាន់ថុល បានបង្ហាញថា ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប (កម្ពុជា-វៀតណាម) ត្រូវបានសាងសង់អគាររដ្ឋបាលរួចរាល់ ព្រមទាំងបានដាក់ឲ្យដំណើរការបណ្ដោះអាសន្ន ផងដែរ។ 

លោកបញ្ជាក់ថា «ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធសិក្សា និងរៀបចំគម្រោងចំនួន៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងផ្នែកទន់ និងផ្នែករឹង នៅតាមច្រកទ្វារអន្តរជាតិដ៏ទៃទៀត ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍នៅតំបន់នោះ ដែលនាំឲ្យរំខានដល់សង្វាក់ពាណិជ្ជកម្មរបស់ពាណិជ្ជករ»។ 

ជាងនេះទៅទៀត រដ្ឋមន្ដ្រីសាធារណការ ក៏បានគូសបញ្ជាក់ថា ការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ធ្វើឡើងស្របតាមផែនការមេភ័ស្តុភារកម្មកម្ពុជា ទាក់ទងនឹងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌល ភ័ស្តុភារកម្មក្នុងតំបន់ បម្រើឲ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា  វៀតណាម ភូមា និងឡាវជាដើម និងរួមចំណែកយ៉ាងសកម្មក្នុងលើសកម្ពស់ការប្រកួតប្រជែងលើវិស័យដឹកជញ្ជូនជាមួយ ប្រទេសក្នុងតំបន់ បង្កើតការងារ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ ផងដែរ។

ដោយឡែកទាក់ទងនឹងគម្រោងធ្វើឲ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃ និងកម្ពុជា-វៀតណាម លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា គម្រោងបន្ទាន់ត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត និងឲ្យបានទាន់ពេលវេលា។ ចំណែកឯ គម្រោងសម្រាប់រយៈពេលខ្លី និងមធ្យម លោក បានផ្ដល់គោលការណ៍សិក្សាឲ្យកាន់តែលម្អិត បន្ថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ