ក្រោយពីទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ឥឡូវនេះ ទូក ង វែងជាងគេលើកពិភពលោក ត្រូវបានរៀបចំតម្កល់បានត្រឹមត្រូវ បន្ទាប់ពីទុកចោល ទាំងខួបប្រាំង និងខួបវស្សា
ព្រៃវែង ៖ ក្រោយពីទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋរួចនោះ ឥឡូវនេះ ក្រុមការងារ គណៈកម្មការផលិតទូកង បានរៀបចំតម្ដល់ ទូក ង វែងជាងគេលើពិភពលោក មានន័យឈ្មោះថា «កម្ពោជិកបុត្តាខេមរាតរី» បានត្រឹមត្រូវ បន្ទាប់ពីទុកចោល ទាំងខួបប្រាំងនិងខួបវស្សា បានធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃ។
សូមរំលឹកថា នាពេលកន្លងមក មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីមានការបង្ហោះរូបភាព ទូកងវែងជាងគេលើពិភពលោករបស់កម្ពុជា ដែលត្រូវបានគេយកមកទុកចោលក្នុងរោងមួយ មានដំបូលធ្លុះធ្លាយ និងគ្មានជញ្ជាំងបិទជិត នៅរដូវប្រាំង។ បន្ទាប់មកទៀត នៅរដូវវស្សា ទូក ង នេះក៏ត្រូវបានគេដាក់ចោលលើទឹក តទៅទៀត។
សូមជម្រាបថា នាពេលថ្មីៗនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា រួមជាមួយ គណៈកម្មការផលិតទូត ង វែងជាងគេលើពិភពលោក ដែលមានឈ្មោះ ថា «កម្ពោជិកបុត្តាខេមរាតរី» បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាព និងប្រារព្ធពិធីសែនព្រេនតាមប្រពៃណីដល់ ទូក ង «កម្ពោជិកបុត្តា ខេមរាតរី» នៅទួលបារាយណ៍អណ្ដែត ខេត្តព្រៃវែង។
ជាងនេះទៅទៀត គណៈកម្មការ គ្រោងរៀបចំទីតាំងយ៉ាងស័ក្តិសមបំផុតតម្កល់ ទូក ង «កម្ពោជិកបុត្តាខេមរាតរី» សម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិ ចូលទស្សនា។
សូមបញ្ជាក់ថា ទូក ង ដែលត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ឬដែលមានន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីខ្មែរ» ត្រូវបានសាងសង់ឡើងពីដើមឈើគគី មានប្រវែងដល់ទៅ ៨៧.៣ម៉ែត្រ និងទទទឹង ១.៩៤ម៉ែត្រ។ហើយទូកងវែងជាងគេនេះ ត្រូវបានចុះក្នុងសៀវភៅកំណត់ត្រា Guinness Record បន្ទាប់ពីកម្ពុជាបានបំបែកឯគទគ្គកម្មពិភពលោកចំនួន ៣លើករួចមកហើយ មាននំអន្សមយក្ស ការប្រមូលផ្ដុំមហាជនរាំមាឌីហ្សូនដ៏ច្រើន និងការផលិតក្រមាវែងជាងគេលើពិភពលោក៕