ក្រសួងអប់រំ យុវជន និងកីឡា ព្រមាន ព្យួរការសិក្សារបស់សាលាណា ដែលល្មើសនឹងលក្ខខណ្ឌសុវត្ថិភាព ការពារជំងឺកូវីដ-១៩
ភ្នំពេញ ៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា បើសិនជាក្រសួង បានរកឃើញថា សាលាណាមួយ ដែលរំលោភទៅលើលក្ខខណ្ឌសុវត្ថិភាព របស់ក្រសួងនោះ ក្រសួងនឹងធ្វើការព្យួរ ជាបណ្ដោះអាសន្ននូវសាលានោះតែម្ដង។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រៀបចំសន្និសីទ សារព័ត៌មាន ស្ដីពី «វិធានការក្នុងការបើកដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញ» នៅសាលប្រជុំ «ក» នៃទីស្ដីការក្រសួងអប់រំ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
រដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនបើសាលាណាមួយ រំលោភទៅលើលក្ខខណ្ឌ (សុវត្ថិភាព) របស់ក្រសួង ជំហានដំបូងក្រសួង នឹងធ្វើការណែនាំ បើសិនជាមិនធ្វើតាម ក្រសួង នឹងធ្វើការព្យួរជាបណ្ដោះអាសន្ន នូវសាលានោះតែម្ដង»។
លោក បានឲ្យដឹងថា បច្ចុប្បន្ន មានសាលាប្រមាណជាង៧ពាន់ បានបើកដំណើរការ ក្នុងដំណាក់កាលទី២ ខណៈដែលសាលា មានដំណើរការ ចំនួនសរុបប្រមាណ១ម៉ឺនសាលា។
ចំពោះគ្រឹះស្ថានសិក្សាឯកជន លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា គ្រប់សាលាទាំងអស់ មុននឹងដាក់ឲ្យដំណើរការ ក្រសួងចុះទៅពិនិត្យមើល ដើម្បីបញ្ជាក់ថា គ្រឹះស្ថានទាំងអស់នោះ សុទ្ធតែមានសមត្ថភាព ក្នុងការបើកដំណើរការ។
ដោយឡែក រគ្រឹះស្ថានសិក្សារដ្ឋ លោក ហង់ ជួន ណារ៉ុន បានឲ្យដឹងថា ក្រសួងបានបើកដំណើរការ រយៈពេល១ខែហើយ និងមានការត្រួតពិនិត្យ ពីអាជ្ញាធរអប់រំគ្រប់លំដាក់ថ្នាក់ ហើយក្រសួង ក៏បានចេញសេចក្ដីណែនាំ ជូនដល់សាលាទាំងអស់នោះផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ លោក ហង់ ជួន ណារ៉ុន បានលើកឡើងថា បើសិនបើមានការផ្ទុះ នៅសាលាណាមួយ ក្រសួងនឹងសហការ ជាមួយក្រសួងសុខាភិបាល ដើម្បីចុះទៅត្រួតពិនិត្យវាយតម្លៃ ហើយនឹងអនុវត្ដទៅតាមគោលការណ៍ និងវិធានការជាក់ស្ដែង៕EB