ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើរសារព្រមានទុកមុន ទៅកាន់អ្នកដែលមានគម្រោងធ្វើបាតុកម្ម នៅថ្ងៃទី២៣ តុលា ដែលទាមទារឲ្យរដ្ឋាភិបាល អនុវត្ត និងគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ក្នុងពិធីជួបសំណេះសំណាលជាមួយ ជនរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «មុខសញ្ញាអ្នកឯង គេ(អាជ្ញាធរ)គ្រប់គ្រងបានហើយ»។

សម្ដេចតេជោ បន្ដថា អ្នកដែលឡើងមកតវ៉ា និងដាក់ញត្តិនៅតាមបណ្ដាស្ថានទូតនានា គឺជាពលរដ្ឋរស់នៅតាមខេត្ត។ សម្ដេចតេជោ បានចេញបម្រាមទុកមុន ដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ មកបង្កចលាចល ដែលធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈឡើយ។ «កំពុងទឹកជំនន់ផង កំពុងកូវីដ-១៩ផង (អ្នកតវ៉ា) កុំមករញ៉េរញ៉ៃ»។

សម្ដេចតេជោ អះអាងជាថ្មីថា ខ្លួនជាអ្នកបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ហើយអ្នកឡើងមក តវ៉ានេះ ទំនងជាមិនស្គាល់កិច្ចព្រមព្រៀងនេះផង។

សម្ដេចតេជោ ដែលបានដឹងពីគម្រោងបាតុកម្មនេះ បានអះអាងថា សម្ដេចបានក្ដាប់បានព័ត៌មានពីកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមអ្នកប្រឆាំងរដ្ឋាភិបាល ទាំងនៅក្នុង និងក្រៅប្រទេស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ