ភ្នំពេញ ៖ លោក កឹម សុខា បានឲ្យដឹងថា មនុស្សបរិសុទ្ធ ទោះបីទទួលរងការចោទប្រកាន់ ជេរប្រមាថ និងលាបពណ៌ យ៉ាងណាក៏ដោយ នៅតែមានមនុស្សស្វះស្វែងទទួលស្គាល់ ផ្តល់តម្លៃ និងគោរពស្រលាញ់ ចំពោះបុគ្គលដែលតម្កល់នូវគុណតម្លៃ។

លោក កឹម សុខា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ថា គតិបណ្ឌិតពិត តែងតែផ្តល់តម្លៃដល់អ្វីដែលពិត មិនក្លែងបន្លំ ដូចដែលខ្មែរតែងពោលថា «មាសទឹកដប់ ទោះបីគេទម្លាក់ក្នុងភក់ជ្រាំ ក៏នៅតែមាសទឹកដប់ នៅតែមានតម្លៃដដែល»។

លោកបន្ដថា «ក្នុងន័យនេះ មិនខុសពីមនុស្សបរិសុទ្ធ ដែលមានគុណតម្លៃពិត ទោះបី ទទួលរងការចោទ ប្រកាន់ មួលបង្កាច់ ការជេរប្រមាថលាបពណ៌ មាន ឬមិនមានតួនាទី ឋានៈបុណ្យស័ក្តិធ្លាក់ដល់ទីណា ក៏ដោយ ក៏អ្នកទាំងឡាយណា ដែលជាគតិបណ្ឌិតពិត នៅតែស្វះស្វែងទទួលស្គាល់ ផ្តល់តម្លៃ គោរព ចំពោះបុគ្គល ដែលតម្កល់នូវគុណតម្លៃនោះដែរ»។

ជាងនេះទៅទៀត លោក កឹម សុខា ក៏បានអរគុណប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ដែលនៅតែ គាំទ្រ នូវជំហរអហិង្សា ការមិនយកខ្មែរណាជាសត្រូវ ហើយការតស៊ូអត់ធ្មត់របស់លោក និងគោរពស្រ លាញ់រាប់អាន នឹករលឹកលោក ដោយបានមកសួរសុខទុក្ខលោកដល់គេហដ្ឋាន ស្កាត់ជួបនៅទីសាធារណៈ និងតាមរយៈផ្ញើរសារពីចម្ងាយផងដែរ។

ជាពិសេសចុងក្រោយនេះ ដោយមានសទ្ធាដូចគ្នា ក្នុងការធ្វើបុណ្យទាន ជំនួយមនុស្សធម៌ និងដោយមានជំនឿលើរូបលោក ប្រជាពលរដ្ឋតែងតែផ្តល់មកតាមរយៈលោក នូវសម្ភារៈ ថវិកា ទោះតិច ឬច្រើនក្តី ដើម្បីឲ្យលោក យកទៅចូលរួមពិធីភ្ជុំបិណ្ឌ កឋិនទាន និងជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយទឹកជំនន់ ជាមួយ នឹងអាជ្ញាធររដ្ឋាភិបាល និងដោយផ្ទាល់ ទោះបី លោក ស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។

បន្ថែមពីនេះទៀត លោក កឹម សុខា ក៏បានអរគុណ ប្រទេសជាមិត្ត ដែលប្រកាន់យកនូវគោលការណ៍ ប្រជាធិបតេយ្យ លើកស្ទួយគុណតម្លៃសិទ្ធិមនុស្ស ដែលនៅតែគោរព ផ្តល់តម្លៃដល់លោក ដោយឲ្យមន្ត្រីទូតដែលជាតំណាងប្រទេសរបស់ខ្លួន មកជួបលោកដល់គេហដ្ឋាន  និងអញ្ជើញលោក ទៅស្ថានទូត ដើម្បីសួរសុខទុក្ខ ទទួលទានអាហារ សម្តែងពីកង្វល់ ចំពោះស្ថានភាពសិទ្ធិសេរីភាព សុវត្ថិភាពរបស់លោក និងបញ្ជូនវេជ្ជបណ្ឌិតមកជួយពិនិត្យព្យាបាល និងតាមដានសុខភាព លោក ជាប្រចាំផងដែរ។

លោកបញ្ជាក់ថា ថ្មីៗនេះ ដោយសារជាប់បម្រាមក្នុងការធ្វើដំណើរ ព្រោះជំងឺឆ្លងកូវីដ-១៩ ទូតតំណាងប្រទេសខ្លះ ដែលមានស្ថានទូតនៅប្រទេសថៃ ទោះបី មិនអាចធ្វើដំណើរមកជួបលោកផ្ទាល់ ក៏តែងតែផ្ញើរសារមកសួរសុខទុក្ខ និងចង់ដឹងពីស្ថានភាពសិទ្ធិសេរីភាព សុវត្ថិភាពរបស់លោក ហើយបន្តតាមដាន ឃ្លាំមើលស្ថានភាពរបស់លោកផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ