កម្ពុជា-ចិន រួមគ្នាបង្កើតបណ្ណាល័យឌីជីថល សម្រាប់ផ្តល់ព័ត៌មានចំណេះដឹងពីបញ្ហាគ្រឿងញៀន បានកាន់តែទូលំទូលាយដល់អ្នកសិក្សានៅកម្ពុជា
ភ្នំពេញ ៖ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក លី ជីញហ្វឹង តំណាងស្ថានទូតចិន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានជួបពិភាក្សា ដើម្បីបង្កើតបណ្ណាល័យឌីជីតាល់ប្រឆាំងគ្រឿងញៀនសម្រាប់ពង្រីកការងារផ្សព្វផ្សាយពីបញ្ហា គ្រឿងញៀនឲ្យបានកាន់តែទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យា។នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្រោយបញ្ចប់ជំនួប លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យថា ៖
លោក លី ជិញហ្វឹង បានថ្លែងប្រាប់ពីសារបាននៃការបង្កើតបណ្ណាល័យឌីជីថលប្រឆាំងគ្រឿងញៀន គឺកើតឡើងក្នុងជំនួបរវាងថ្នាក់ដឹកនាំចិនជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាពេលកន្លង ហើយថ្នាក់ដឹកនាំ បានឯកភាព ជួយផ្តល់ការគាំទ្រដល់ការបង្កើតបណ្ណាល័យឌីជីថល ដ៏មានសារ:សំខាន់នេះ ដែលទឹកប្រាក់ប្រមាណជា៥ម៉ឺនដុល្លាអាមេរិក។
លោកស្រី សឿ សុជាតា បានថ្លែងអំណរគុណដល់មិត្តដែកថែបចិន ដែលតែងតែផ្តល់នូវការគាំទ្រដល់ កម្ពុជាលើគ្រប់វិស័យជារៀងរហូតមក ហើយការផ្តល់នូវការគាំទ្រដល់ការបង្កើតបណ្ណាល័យឌីជីជល់ ប្រឆាំងគ្រឿងញៀនដល់កម្ពុជានាពេលនេះ ពិតជាបានបង្ហាញនូវការគាំទ្រ និងយកចិត្តទុកដាក់ដល់ ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជនកម្ពុជា ឲ្យបានយល់ដឹងកាន់តែច្បាស់ និងចូលរួមកាន់តែសកម្ម បន្ថែមទៀត ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សូមជម្រាប់ថា នៅក្នុងជំនួបពិភាក្សាការងារនេះដែរ កម្ពុជា-ចិន ឯកភាពបន្តការងារបច្ចេកទេស ដើម្បីបង្កើតបណ្ណាល័យឌីជីថលប្រឆាំងគ្រឿងញៀន ឲ្យដំណើរការទៅបានដោយជោគជ័យ តាមការចង់បានរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន៕EB