តាកែវ ៖ អង្គការជីវិតសត្វស្លាបអន្តរជាតិ នាពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីកំណត់ ត្រាថ្មី ដែលបានរកឃើញសម្បុកសត្វចង្កៀលខ្យង ជាង២ពាន់ ជាលើកដំបូង នៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ខេត្តតាកែវ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា បឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយដែល ស្ថិតក្នុង តំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារទេសភាពបឹងព្រែកល្ពៅតាមរយៈ អនុក្រឹត្យលេខ៩០អនក្រ.បក ចុះនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅ ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។

តំបន់ដីសើមនេះមានសារៈសំខាន់ក្នុងការទ្រទ្រង់ ផ្គត់ផ្គង់ និងជាទីជម្រករបស់សត្វស្លាប រុក្ខជាតិ មច្ឆជាតិ និងសត្វព្រៃផ្សេងៗ ដែលក្នុងនោះមានសត្វ និងរុក្ខជាតិមួយចំនួនមិនទាន់បាន កត់ត្រាលម្អិត នៅឡើយទេ។ អង្គការBirdLife ក្រោមកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការ គាំទ្រដល់ការអង្កេតតាមដានជីវៈចម្រុះនៅតំបន់បឹងព្រែកល្ពៅតាំងពីឆ្នាំ២០០៣មកម្ល៉េះ។ 

តំបន់ការពារទេសភាពបឹងព្រែកល្ពៅបាននឹងកំពុងគាំទ្រដល់សត្វក្រៀលរកចំណីនៅរដូវមិនបន្តពូជប្រមាណ៣០% នៃចំនួនសត្វក្រៀលសរុបទូទាំងប្រទេស និងបានគាំទ្រដល់សត្វស្លាបផ្សេងៗទៀត ប្រមាណជា១២៩ប្រភេទ ព្រមទាំងបានផ្តល់គុណតម្លៃសេវាកម្មអេកូឡូស៊ី(ត្រី ទឹក កសិកម្ម...) ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅជុំវិញ ក្នុងតម្លៃប្រមាណជាងពីរលានដុល្លាអាមេរិចក្នុងមួយឆ្នាំ (WWT, ២០១២ )។

សត្វចង្កៀលខ្យង ត្រូវបានកត់ត្រាមានវត្តមាននៅតំបន់បឹងព្រែកល្ពៅតាំងពីឆ្នាំ២០0៣មកម្ល៉េះ ដែលមានចំនួនប្រហែលជាងមួយរយក្បាលប៉ុណ្ណោះ។ ចំនួនសត្វនេះបាននឹងកំពុងកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់។ យោងតាមមន្រ្តីឧទ្យានុរក្ស និងមន្រ្តីជីវៈចម្រុះ នៅក្នុងឆ្នាំ២០២០នេះ ចំនួនរបស់ពួកវាបានកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន២១៨៦ នៅលើដើមរាំងចំនួន២៧០ដើម។ ការធ្វើសម្បុកនេះ ជាកំណត់ត្រាថ្មីដែលពុំធ្លាប់មានក្នុងរយៈពេលប្រមាណជាង១៥ឆ្នាំចុងក្រោយនេះ។

លោក លឹម វ៉ាត នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានមានប្រសាសន៍ថា «ក្នុងរយៈ ពេល៤ឆ្នាំដែលក្រសួងបរិស្ថានបានគ្រប់គ្រងតំបន់នេះ យើងសង្កេតឃើញថាចំនួនសត្វស្លាប ព្រៃមានការកើនឡើងជាលំដាប់។ ជាក់ស្ដែងដូចជាវត្តមានពងកូនសត្វចង្កៀលខ្យងដែលទើប នឹងរកឃើញជាលើកទី១នាពេលថ្មីៗនេះ។ ទិន្នន័យនេះបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវលទ្ធ ផលជាវិជ្ជ មាននៃការខិតខំប្រឹងប្រែងរបស់ក្រុមការងារយើងកន្លងមក ក្នុងការការពារ និងអភិរក្សធនធានជីវៈចម្រុះនៅតំបន់ដីសើមនេះ»៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ