ក្រសួងកសិកម្ម ចាប់ផ្តើមពង្រីក ការចិញ្ចឹមកង្កែប ត្រីអណ្តែង ដល់កសិករជាង៦ពាន់គ្រួសារ នៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចាប់ផ្តើមពង្រីក ការចិញ្ចឹមកង្កែប ត្រីអណ្តែង ដល់កសិករ ជាង៦០០០គ្រួសារ នៅទូទាំងប្រទេសកម្ពុជា ក្រោយពីទទួលការ គាំទ្រហិរញ្ញប្បទានជាបឋម ចំនួនប្រមាណជាង៤លាន ៦សែនដុល្លារអាមេរិក ដើម្បីចាប់ផ្តើម សកម្មភាព ចុះជួយដល់កសិករបានបង្កើនប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា «គម្រោងចិញ្ចឹមត្រីអណ្តែង និងកង្កែបនេះមាន៣គម្រោង ដោយគម្រោងទី១ អនុវត្តនៅខេត្តចំនួន១០ រួមមាន៖ ខេត្តរតនគីរី មណ្ឌលគីរី ព្រះវិហារ ឧត្តរមានជ័យ កំពត ព្រះសីហនុ ត្បូងឃ្មុំ ស្វាយរៀង កំពង់ស្ពឺ និងខេត្តប៉ៃលិន ដោយចិញ្ចឹមនៅក្នុងតង់ប្លាស្ទីក ដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់»។
លោកបានបញ្ជាក់ថា គម្រោងនេះបានប្រើប្រាស់កញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ចំនួន២០០០ពាន់លានរៀល ផ្តោតលើសកម្មភាពសំខាន់ដូចជា៖ ការចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទីក ចំនួន១០០០គ្រួសារ, ការចិញ្ចឹមកង្កែបក្នុងតង់ប្លាស្ទីក ចំនួន៧០០គ្រួសារ និងពង្រឹងសមត្ថភាពកសិករផលិតកូនត្រីពូជ (ដោយផ្តល់អ័រម៉ូន ចំណី និងកូនត្រីពូជ) ចំនួន ៥០គ្រួសារកសិករ៕EB