ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសន្យាផ្តល់វិភាគទាន ៧លានដុល្លារ ក្នុងមូលនិធិអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ ACMECS ដើម្បីបង្កើតលេខាធិការដ្ឋាន ធ្វើជាសេនាធិការដ្ឋាន សម្រាប់ការដឹកនាំ ACMECS។
ថ្លែងក្នុងពេលអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ ACMECSលើកទី៩ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់នូវសារ សំខាន់នៃផែនការមេ ដែលមានសសរស្តម្ភបី គឺការតភ្ជាប់ ACMECS ដោយរលូន ការធ្វើសមាហរណកម្ម ACMECS និង ACMECSប្រកបដោយភាពឆ្លាតវៃនិងចីរភាព ។ សម្តេចថា ចាប់តាំពីកិច្ចប្រជុំលើកចុងក្រោយ ដោយសារការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបញ្ចប់ការរៀបចំលក្ខខណ្ឌយូរអង្វែងនៃមូលនិធិអភិវឌ្ឍន៍ ACMECS ដែលជាឯកសារស្នូល នៃការអភិវឌ្ឍផែនការមេរបស់ ACMECS ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមថ្លែងអំណរគុណចំពោះប្រទេសថៃ ដែលបានសន្យាផ្តល់វិភាគទានចំនួន ២០០ លានដុល្លារអាមេរិក ជាមូលនិធិដំបូងសម្រាប់ការបង្កើតមូលនិធិអភិវឌ្ឍន៍ ។ ក្នុងស្មារតីនេះនឹងដូចដែលខ្ញុំបានលើកឡើងនៅក្នុងសុន្ទរកថាបើកផងដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បាន សន្យាផ្តល់វិភាគទានចំនួន ៧លានដុល្លារអាមេរិក ហើយខ្ញុំក៏ទន្ទឹងរង់ចាំការស្វាគមន៍ចូលរួមវិភាគទាន ដោយស្ម័គ្រចិត្ត ក្នុងមូលនិធិអភិវឌ្ឍន៍ ACMECS នេះផងដែរ »។
សម្តេចតេជោ បន្តថា ជាមួយគ្នានេះសូមបណ្តាប្រទេសជាសមាជិក ACMECS សម្រេចការកំណត់សមាសភាព និងសិទ្ធិសម្រេចនៃក្រុមប្រឹក្សា បរធនបាលមូលនិធិ ACMECS ឱ្យបានឆាប់ ដើម្បីអាចចាប់ផ្តើមប្រតិបត្តិការនៃមូល និធិនេះ ។
សម្តេចតេជោ សូមយកឱកាសនេះបញ្ជាក់សារជាថ្មីពីការគាំទ្ររបស់កម្ពុជាក្នុងការបង្កើតនូវលេខាធិការដ្ឋាន ACMECS ហើយសូមរំលឹកឡើងវិញ ដោយសារតែសម្តេចតេជោ ជាមនុស្សម្នាក់ក្នុងចំណោមមេដឹកនាំដែលជាសហស្ថាបនិកនៃ ACMECSកាលពីឆ្នាំ២០០៣ ដែលប្រជុំនៅសហភាពមីយ៉ាន់ម៉ា ពេលនោះក៏មានពិភាក្សាក្រៅផ្លូវការស្តីពីយន្តការសម្របសម្រួល ដែលមានការលើកឡើងផងដែរ ពាក់ព័ន្ធទៅនឹងគំនិតផ្តួចផ្តើមនៃការបង្កើតលេខាធិការដ្ឋាន ACMECS ដូច្នេះរយៈពេល១៧ឆ្នាំរួចមកហើយ ACMECSគួរតែមានលេខាធិការដ្ឋាន ដើម្បីធ្វើជាសេនាធិការដ្ឋានសម្រាប់ការដឹកនាំ ACMECS ៕EB