ភ្នំពេញ ៖ ទិន្នន័យដែលកត់ត្រាដោយសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយចិន ក្នុងការនាំចេញអង្ករ កាលពីឆ្នាំ២០១៤ រហូតមកដល់ត្រឹម ៩ខែ ឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាទៅប្រទេសចិន មានចំនួនជិត១លានតោន និងអាចឈានដល់១.២លានតោនក្នុងពេលឆាប់ៗខាងមុខនេះ។ 

នេះការលើកឡើងរបស់លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងជំនួបជាមួយលោក Wu Guoquan អគ្គកុងស៊ុលសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នាស្ថានទូតចិតន ដែលផ្តោតសំខាន់លើ ការជំរុញការនាំចេញអង្ករកម្ពុជាបន្ថែមទៀតទៅកាន់ប្រទេសចិន។

លោក សុង សារ៉ន បានគូសបញ្ជាក់ជំរាបជូន លោកអគ្គកុងស៊ុល និងអង្គប្រជុំអំពីភាពរីករាយ និងសាទររបស់កម្ពុជា ចំពោះកិច្ចសហការលើការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិន។ លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៤ មានការចុះអនុស្សរណៈយោគយល់គ្នា រវាងកម្ពុជា-ចិន បានចំនួន៥អនុស្សរណៈ ហើយបាន និងកំពុងបន្តការនាំចេញ មកដល់ត្រឹមខែ៩ឆ្នាំ២០២០ ទំហំនៃការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន មានការកើនឡើងចំនួនជិត១លានតោន ហើយនឹងឈាន ដល់១.២លានតោនក្នុងពេលឆាប់ៗខាងមុខនេះ ។

លោកបានបន្តថា ការកើនឡើងនេះ គឺកើតចេញពីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ប្រកបដោយឆន្ទៈ និងមានគោលបំណងច្បាស់លាស់ក្នុងការបង្កើនចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើសេដ្ឋកិច្ច និងនយោបាយ។ បន្ថែមលើសពីនេះទៀត វិស័យឯកជន ជាពិសេស សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាស្ថាប័នតំណាងអោយវិស័យស្រូវអង្ករនៅកម្ពុជា បានខិតខំសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយ ក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនឯកជន របស់ប្រទេសចិន ជាពិសេសក្រុមហ៊ុន COFCO Corporation ក្នុងការជំរុញការនាំចេញ និងពង្រីកទីផ្សារអង្ករកម្ពុជា នៅក្នុងប្រទេសចិន។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងអំពីការងារ និងមហិច្ឆតា នៃការនាំចេញរបស់កម្ពុជា ដែលមានបំណងជំរុញអោយបានការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ អោយបានចំនួន១លានតោន ចាប់ពីឆ្នាំ ឆ្នាំ២០២១ ដែលជាកំណើនប្រកបដោយប្រាក់ចំណេញ និងមាននិរន្តរភាពទីផ្សារ។

ការសំរេចបាននូវគោលដៅនាំចេញនេះ គឺមិនអាចខ្វះបាននៃចំណែកទីផ្សាររបស់ប្រទេសចិន។ សម្រាប់ឆ្នាំ២០២០ តាមការរំពឹងទុក និងការវាយតំលៃរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករកម្ពុជានឹងឈានទៅដល់៨០ម៉ឺនតោន ការណ៍នេះ កម្ពុជាត្រូវការសហការយ៉ាងស្អិតរមួត ជាមួយនឹងប្រទេសចិន ជាក់ស្តែងក្នុងរយៈពេល ៩ខែឆ្នាំ២០២០ ទីផ្សាររបស់ប្រទេសចិនមានចំណែក ៣៥% នៃបរិមាណអង្ករនាំចេញអង្ករកម្ពុជាទាំងមូល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ