ភ្នំពេញ ៖ តើកម្ពុជានឹងទិញវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសណា? សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាកំពុងពិចារណាលើករណីនេះ បើនឹងទិញតែវ៉ាក់សាំងណាដែលអង្គការសុខភាពពិភពលោក (WHO)។សម្ដេច លើកឡើងបែបនេះ ក្នុងឱកាសថ្លែងសារពិសេស ជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
ក្នុងនាមជាសមាជិកកម្មវិធី COVAX របស់ WHO កម្ពុជានឹងទទួលបានវ៉ាក់សាំង២០ភាគរយ ឬសម្រាប់៣.២លាននាក់នៃចំនួនប្រជាជនសរុប។ COVAX ជាគំនិតផ្តួចផ្តើមមួយរវាងបណ្តារដ្ឋាភិបាលប្រទេសអ្នកមាន អង្គការអន្តរជាតិ និងក្រុមហ៊ុនឱសថ ដើម្បីចែកចាយវ៉ាក់សាំងដោយស្មើភាពសម្រាប់ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ ដែលក្នុងនោះមានកម្ពុជាផងដែរ។
បើតាមសម្តេច COVAX នឹងទិញវ៉ាក់សាំងដែល WHO ទទួលស្គាល់ប៉ុណ្ណោះ ហើយកម្ពុជាក៏ធ្វើតាមហ្នឹងផងដែរ។ ជាសមាជិក COVAX កម្ពុជានឹងត្រូវចេញថវិកាបដិភាគ៥ភាគរយ ដែលក្នុងនោះមាន៣.២លាននាក់សម្រាប់៦.៤លានដូស។
ទោះបីជាយ៉ាងណាក៏ដោយ COVAX នឹងផ្តល់ឲ្យ៣ភាគរយសម្រាប់ដំណាក់កាលដំបូងប៉ុណ្ណោះ ហេតុដូច្នេះទើបសម្តេចបញ្ជាទៅលោក អូន ពន្ធមុនីរតន៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ម ប៊ុនហេង ឲ្យចុះបញ្ជីតាម COVAX ដើម្បីទិញវ៉ាក់សាំង ១លានដូសបន្ថែមទៀត។
តើវ៉ាក់សាំងមកដល់នៅពេលណា? គ្មានចម្លើយនោះឡើយ ប៉ុន្តែសម្តេចបានអះអាងថា កម្ពុជានឹងមិនយកពលរដ្ឋខ្លួនទៅសាកល្បងសម្រាប់ការតេស្តវ៉ាក់សាំងឲ្យប្រទេសណានោះឡើយ ដោយកម្ពុជាសុខចិត្តរង់ចាំរហូតដល់មានវ៉ាក់សាំងដែលទទួលស្គាល់ជាផ្លូវការ។
សម្តេចបានបញ្ជាក់ថា ពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ១៣លាននាក់ នឹងទទួលបានវ៉ាក់សាំង (២៦លានដូស)។ បច្ចុប្បន្ន សម្តេចមិនទាន់ដឹងពីតម្លៃវ៉ាក់សាំងនោះឡើយ តែបច្ចុប្បន្ន កម្ពុជាមាន៥៣៨លានដុល្លារអាមេរិកក្នុងដៃ រួមទាំង៤៨លានដុល្លារអាមេរិកបន្ថែមទៀតពីចលនាសប្បុរសជន៕EB