ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រៀបប្រដូចចំណុចមួយរបស់ ស៊ឺ ម៉ាអ៊ី ក្នុងរឿងសាមកុក ទៅនឹងការដឹកនាំរបស់សម្តេច ខណៈ សម្តេច ចាត់ទុកជាចំណុចខ្លាំងរបស់ សម្ដេច គឺយុទ្ធសាស្ត្រ ដែលដៃគូតែងប៉ាន់ប្រមាណមិនត្រូវ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ចេញ ពីតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
សម្ដេចតេជោ បញ្ជាក់ថា ចំណុចខ្លាំងរបស់ សម្ដេច ដែលធ្វើមិនកើត គឺអ្នកឯងវាយតម្លៃទៅលើ សម្ដេច គឺអត់ត្រូវទាំងអស់ បើអ្នកឯងវាយ អត់ត្រូវហើយ គឺមិនអាចយកឈ្នះ សម្ដេច ឡើយ។
សម្ដេចតេជោ បន្ដថា ដៃគូ របស់ សម្ដេចទាំងអស់ មិនប៉ានស្មានត្រូវឡើយ ស៊ឺម៉ាអ៊ី ចំណុចខ្លាំង គឺធ្វើយ៉ាងណា កុំឱ្យគេប៉ានស្មានត្រូវ។ បើអ្នកឯងល្ងង់ណាស់ បន្ដល្ងង់ទៀតចុះ ប៉ុន្ដែមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែមានសមត្ថភាព ក្នុងការវិភាគសភាពការណ៍នានា និងស្វែងយល់ពីយុទ្ធសាស្ត្រថ្មីៗផងដែរ។
សម្តេចតេជោ បានអះអាងថា បើទោបីជា សម្តេច លាឈប់ពីនាយករដ្ឋមន្ត្រី តែសម្តេចនៅតែជាប្រធានបក្ស ហើយអាចពិនិត្យសកម្មភាពការងាររបស់ នាយករដ្ឋមន្ត្រី។
គូសបញ្ជាក់ថា រឿង «សាមកុក» គឺជារឿងភាគបុរាណមួយរបស់ចិន ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរបស់ប្រទេសចិន ក្នុងសម័យសង្គ្រាមបែងចែកអំណាច។ រឿងនេះ មានអត្ថន័យអប់រំដ៏ច្រើនរាប់មិនអស់ ជាពិសេសទាក់ទងទៅនឹងការគ្រប់គ្រងមនុស្ស យុទ្ធសាស្រ្តសង្គ្រាម ក៏ដូចជាទ្រឹស្តីជីវិតមួយចំនួន ដែលធ្វើឲ្យអ្នកមើលរៀនសូត្របានយ៉ាងច្រើន ពីរឿងប្រវត្តិសាស្រ្តមួយនេះ៕