សម្ដេច ស ខេង ឲ្យបញ្ជាអភិបាល រាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដីដោយ ខុសច្បាប់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាអភិបាលរាជធានី-ខេត្ត ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត កុំឲ្យមានការរុករាន ទន្ទ្រានដីដោយ សុខច្បាប់បន្ដទៀត ដើម្បីបង្ការកុំឲ្យក្លាតជាសង្គ្រាមដីធ្លី។
យោងតាមលិខិតផ្ញើជូន អភិបាលរាជធានី-ខេត្ត របស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ការអនុវត្តតាមគោលការណ៍នាំរបស់រាជរដ្ឋាភិបាល និងដើម្បីជំរុញការកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដីជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងប្រកប ដោយតម្លាភាព ប្រសិទ្ធភាព និងទទួលឲ្យបានល្អប្រសើរ ក្រសួងមហាផ្ទៃ ណែនាំដល់រដ្ឋបាល រាជធានី-ខេត្ត ដូចខាងក្រោម ៖
ទី១-ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនូវទិន្នន័យ និងស្ថិតិប្រជាពលរដ្ឋ និងដីធ្លីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមហើយ នៅលើទីតាំងដីដែលស្ថិត នៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាមខេត្តនានា ដើម្បីចាត់ចែងធ្វើការកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដី ជូនពួកគាត់ ព្រមទាំងត្រៀមរៀបចំបម្រុងដី១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍។
ទី២-ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ ទប់ស្កាត់កុំឲ្យ មាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់បន្ថែមទៀត។ រាល់ការ រុករានទន្ទ្រានកាន់កាប់ថ្មីនូវដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់ ត្រូវហាមឃាត់ដាច់ខាត និងត្រូវប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យតឹងរឹង និងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់។
ទី៣-ត្រូវខិតខំអប់រំ ណែនាំ និងបកស្រាយបំភ្លឺ អំពីស្ថានភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងដោះស្រាយដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយមិនត្រូវជឿតាមការញុះញង់ អូស ទាញរបស់មេខ្យល់ ឬជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លីនេះ។ ករណីនេះ ត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបមេខ្យល់ និងជនខិលខូចទាំងនោះ ស្របតាមច្បាប់ជាធរមាន។
ទី៤-ចំពោះទីតាំងដីធ្លីដែលមានទំនាស់ ត្រូវខិតខំសម្រុះសម្រួលដោះស្រាយដោយសន្តិវិធី តម្លាភាព សុចរិតភាព និងយុត្តិធម៌ ដោយត្រូវចុះជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវ ស្វែងយល់ឲ្យបានច្បាស់លាស់អំពីសាវតាដីទំនាស់ សាវតាប្រជាពលរដ្ឋ និងការទាមទារ តវ៉ារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាមូលដ្ឋានបង្អែកសម្រាប់ទាញហេតុផលក្នុងការសម្រុះសម្រួល និងដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ។
ទី៥-ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឲ្យធ្វើការបញ្ជាក់ ឬចុះហត្ថលេខាលើលិខិត ស្នាម ឬឯកសារនានាពាក់ព័ន្ធដីធ្លីឲ្យបានត្រឹមត្រូវតាមច្បាប់ បែបបទ នីតិវិធី និងគោលការណ៍ ណែនាំជាធរមាន។ ទន្ទឹមនេះ ត្រូវចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះបុគ្គលជាមន្ត្រី មានសមត្ថកិច្ចដែលបញ្ជាក់ ឬចុះហត្ថលេខាលើលិខិតស្នាម ឬឯកសារមិនស្របច្បាប់នានា ពាក់ព័ន្ធនឹងដីធ្លី។
និងទី៦-ក្នុងការចាត់ចែងអនុវត្តការងារខាងលើនេះ រដ្ឋបាលខេត្តត្រូវរាយការណ៍ និងស្នើសុំយោបល់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងពាក់ព័ន្ធនីមួយៗ។
សម្ដេច ស ខេង បញ្ជាក់ថា អាជ្ញធរខេត្ត ក្រុង ស្រុង ឃុំ សង្កាត់ ត្រូវខិតខំអប់ប្រជាពលរដ្ឋចូលរួមរក្សាការពារបរិស្ថានធនធានធម្មជាតិ ការពារដីធ្លីសាធារណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការចូលទន្ទ្រាន់កាន់កាប់ដីព្រៃ ការរានព្រៃដើម្បីកាន់កាប់ដី ការចូលទន្ទ្រានកាន់កាប់ដីសាធារណៈ ដីសហគមន៍ និងដីឯកជន តាមគ្រប់រូបភាព៕EB