ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឲ្យអភិបាល រាជធានី-ខេត្តទាំងអស់ ត្រៀមរៀបចំលក្ខណៈជាមុន សម្រាប់ឆ្លើយតបនៅពេលមានគ្រោះអាសន្នគ្រោះមហន្តរាយកើតឡើង នាពេលខាងមុខ។

នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា លោករដ្ឋមន្រ្តី បានលើកឡើងថាការប្រែប្រួលអាកាសធាតុធ្វើឱ្យ មានការផ្លាស់ប្តូរនូវរដូវកាល របបទឹកភ្លៀង មិនទៀងទាត់ និងបង្កឱ្យកើតមានជា ញឹកញាប់នូវគ្រោះធម្មជាតិ ដូចជា រលកកំដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់។ ដែលគ្រោះមហន្តរាយទាំងនេះ អាចបង្កឱ្យមានផលប៉ះពាល់ ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធទ្រព្យសម្បត្តិ ប៉ះពាល់ដល់សុខភាព និងស្លាប់បាត់បង់អាយុជីវិតប្រជាជន។

លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ដូចនេះដើម្បីកាត់បន្ថយឲ្យបានជា អតិបរមានូវផលប៉ះពាល់ដល់សុខភាពប្រជាជនរងគ្រោះ និងមូលដ្ឋានសុខាភិបាល ពីគ្រោះធម្មជាតិទាំងនោះ ជាពិសេស ខ្យល់ព្យុះ ខ្យល់កន្ត្រាក់និងទឹកជំនន់ ដែលអាចកើតមាននៅពេលខាងមុខនេះ សូម អភិបាលរាជធានី -ខេត្ត មេត្តាណែនាំដល់លោក លោកស្រី ដែលជាប្រធានមន្ទីរសុខាភិបាល យកចិត្តទុកដាក់ ក្នុងការត្រៀមលក្ខណៈជាមុន ឲ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ឆ្លើយតបឱ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាពខ្ពស់ ក្នុងការសង្គ្រោះ ថែទាំសុខភាពប្រជាជនរងគ្រោះ។

លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា សូមអភិបាលរាជធានី -ខេត្ត ណែនាំលោកស្រីប្រធានមន្ទីរសុខាភិបាល ឱ្យធ្វើការពន្យល់ណែនាំដល់មន្ត្រីក្រោមឱវាទ គ្រប់ជាន់ថ្នាក់ របស់ខ្លួន ឱ្យយកចិត្តទុកដាក់អនុវត្តលើចំណុចសំខាន់ៗ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ