ភ្នំពេញ ៖ ពលករខ្មែរម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងរោងចក្រពេលកំពុងបំពេញការងារ ព្រោះតែពលករខ្មែរម្នាក់ទៀត ដែលធ្វើការជាមួយនោះបានលបសម្លាប់។ ករណីឃាតកម្មជារឿងមួយដ៏អាណោចអាធម និងមានការភ្ញាក់ផ្អើលខ្លាំង ដែលនាំឲ្យស្ថានទូតខ្មែរនៅប្រទេសកូរ៉េខាងត្បូងសោកស្តាយជាទីបំផុត។

ហេតការណ៍ឃាតកម្មកាប់សម្លាប់គ្នារវាងពលករខ្មែរដូចគ្នានេះ បានកើតឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅក្នុងរោងចក្រសិប្បកម្មមួយកន្លែងក្នុងទីក្រុងណាំយ៉ាងជូ ខេត្តខ្យង់គីដូ។ ជនរងគ្រោះមានឈ្មោះ ស៊ុ អួញ អាយុ ៣០ឆ្នាំ មានស្រុកកំណើតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមមនុស្សដែលស្គាល់គ្នាជាមួយជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានធ្វើការនៅប្រទេសកូរ៉េនេះពីរអាណត្តិហើយ ហើយនៅសល់ពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់អាណត្តិការងាររបស់ខ្លួន។ ជនរងគ្រោះត្រូវបានគេស្គាល់ថា ជាមនុស្សស្លូតបូត ចិត្តល្អ មិនសូវជាមានបញ្ហាជាមួយអ្នកដទៃនោះទេ ហើយប្រឹងប្រែងធ្វើ និងទទួលបានការស្រឡាញ់ចូលចិត្តពីថៅកែផងដែរ រហូតដល់ពេលមកលេងស្រុកម្តងៗត្រូវថៅកែចេញសំបុត្រឱ្យថែមទៀតផង។

ព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានភរិយាជាអ្នកទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងផងដែរ ហើយទើបសម្រាលកូនបាន ៨ខែប៉ុណ្ណោះ។

ការឈានដល់ឃាតកម្មកាប់សម្លាប់គ្នា អ្នកដែលដឹងរឿងបានអះអាងថា កើតចេញពីចងគំនុំរបស់ឃាតកមកលើជនរងគ្រោះ ដែលទទួលបានការស្រឡាញ់ចូលចិត្តពីថៅកែច្រើនជាងខ្លួន ហើយធ្លាប់មានការចំអន់គ្នាលើរឿងនេះផងដែរពេលមានកម្មវិធីផឹកស៊ីជុំគ្នា។

ព័ត៌មានក៏បានឱ្យដឹងថា ជនសង្ស័យជាឃាតកក្នុងឃាតកម្មនេះ ត្រូវបានសមត្ថកិច្ចរបស់កូរ៉េខាងត្បូងឃាត់ខ្លួនបានហើយ ហើយបាននិងកំពុងសួរចម្លើយចាត់ចែងកាត់ទោសទៅតាមច្បាប់ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ