សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មិនគួរប្រទេសណាមួយឆ្លៀត យកមកអនុវត្តជារបៀបវារៈ ភូមិសាស្ត្រនយោបាយឡើយ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនគួរត្រូវបានប្រទេស ណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈ ភូមិសាស្ត្រនយោបាយរបស់ខ្លួនឡើយ ខណៈជីវិតមនុស្សរាប់លាននាក់ ទូទាំងពិភពលោកកំពុងស្ថិតក្នុងហានិភ័យ។
ក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» នៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បាន ឆ្លងរីករាលដាលដល់គ្រប់ប្រទេស និងធ្វើឲ្យមនុស្សរាប់សែននាក់ បាត់បង់ជីវិត។
សម្ដេចតេជោ មានប្រសាសន៍ថា «ក្នុងន័យនេះ កម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនគួរត្រូវ បានប្រទេសណាមួយឆ្លៀតយក មកអនុវត្តជារបៀបវារៈ ភូមិសាស្ត្រនយោបាយ របស់ខ្លួននោះឡើយ។ ខណៈដែលជីវិត មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកកំពុង ស្ថិតនៅក្នុងហានិភ័យ ការធ្វើនយោបាយរបស់ប្រទេសណាមួយលើ បញ្ហាសុខភាពសាធារណៈ និងបរិហាររបស់ពួកគេ លើសមត្ថភាពគ្រប់គ្រង ការរីករាលដាលនៃជំងឺឆ្លង គឺមិនមានប្រយោ ជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ ។ ផ្ទុយទៅវិញ សាមគ្គីភាព និងឯកភាពគ្នាក្នុងតំបន់ និងជាសកល គឺជាធាតុសកម្មមិនអាចខ្វះបាន នៅក្នុងអំឡុងពេលនៃវិបត្តិបែបនេះ»។
សម្ដេចតេជោ បន្ដថា ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះ ទាមទារនូវការសម្រេចចិត្តរួមគ្នា ប្រកប ដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ, គោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ទោះជារដ្ឋនោះ ធំ ឬតូច មានឬក្រក៏ដោយ ដោយមានអសប និងអង្គការសុខភាពពិភពលោកជាស្នូល។ សម្ដេច គូសបញ្ជាក់នូវការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជា ចំពោះតួនាទីរបស់ អសប និងអង្គការសុខភាពពិភពលោក ក្នុងកិច្ចប្រឹងប្រែងជាសកល ចំពោះការឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ។
សម្ដេចតេជោបន្ថែមថា លើសពីនេះទៀត កម្ពុជាក៏សូមគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់បំផុតសម្រាប់ការ ធានាថា វ៉ាក់សាំងដែលត្រូវបានរកឃើញ គឺជាទំនិញសាធារណៈ និងមានចរិតសកល ដែលនឹងត្រូវបានផ្គត់ផ្គង់ និងចែកចាយ ក្នុងស្មារតីមនុស្សធម៌ ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេសចំពោះប្រទេស ដែលងាយរងគ្រោះបំផុត។ ទោះបីជាវិបត្តិសុខភាពសាធារណៈ នេះអាចនឹងបញ្ចប់ទៅនាពេលអនាគតខ្លីខាងមុខ ប្រទេសទាំងអស់ នឹងនៅតែត្រូវដោះស្រាយ បន្តទៀតនូវបញ្ហាប្រឈម ក្នុងដំណាក់កាលនៃការស្ដារសម្បទា សេដ្ឋកិច្ចឡើងវិញ៕EB