ភ្នំពេញ ៖ តាំងពីព្រឹក ព្រលឹម ថ្ងៃទី ៧ ខែធ្នូ នេះ មន្ត្រីរាជការ ក្រសួងមហាផ្ទៃ បានតម្រង់ជួរដើម្បីចូលធ្វើតេស្តម្តងម្នាក់ៗ ។ នេះជាលើកទី ២ ហើយដែល មន្ត្រីរាជការសរុប ១៥៤៤ នាក់ ដែលបានធ្វើតេស្តយកសំណាកលើកទី១ ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ត្រូវទៅធ្វើតេស្តយកសំណាក លើកទី២ នៅទីស្តីការក្រសួងមហាផ្ទៃ ។
ចំណែក អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ផ្សេងទៀតនឹងត្រូវ ធ្វើតេស្តលើកទី ២ នៅព្រឹក ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០ នៅ៥ទីកន្លែង ដែល ក្រសួងសុខាភិបាលបានកំណត់រួមមាន ៖ ១- ផ្ទះ សម្តេច ហេង សំរិន ២- ផ្ទះ សម្តេចក្រឡាហោម ស ខេង ៣- រដ្ឋសភា ៤- ទីតាំងអង្គភាពភីឡតបន្ទាយ ទួលក្រសាំងសម្រាប់ក្រុមភីឡតនិងក្រុមអង្គរក្ស សម្តេចតេជោ និង ៥- ពហុ កីឡដ្ឋានជាតិអូឡាំពិក(សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និង ប្រយោល ) ។
ក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃ ចន្ទ ទី ៧ ខែធ្នូ ថាគិតពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្ត អ្នកប៉ះពាល់ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា សរុបទាំងអស់បានចំនួន ១១៣០៥ នាក់ ដែលនៅក្នុងចំនួននេះមានអ្នកវិជ្ជមានវីរុសកូវីដ ១៩ ថ្មី សរុបចំនួន ៣២ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ - សូវៀត និង នៅមណ្ឌលសុខភាពចាក់អង្រែ ។
ក្នុងនោះ កាលពីថ្ងៃទី ៦ ខែធ្នូ ម្សិលមិញ ក្រសួងសុខាភិបាលទើបរកឃើញ មន្ត្រីរាជការនៅក្រសួងមហាផ្ទៃម្នាក់ទៀត បានឆ្លងជំងឺកូវីដ ១៩ ថ្មី ជា ស្ត្រីជនជាតិខ្មែរ ឈ្មោះ ជី ពេជ្រឆារ៉ា អាយុ ២៩ ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ស្ត្រីរូបនេះបានចូលក្នុងហាង Zando បឹងកេងកង នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ ម៉ោង ២០:៣០ នាទីយប់ ( ដោយមិនបានការពារត្រឹមត្រូវ )។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសដល់មន្រ្តីក្រសួងមហាផ្ទៃទាំងអស់ចំនួន១៥៤៤នាក់ ដែលបានធ្វើតេស្តយកសំណាកលើកទី១ (ពាក់ព័ន្ធព្រឹត្តិការសហគមន៍២៨វិច្ឆិកា) ត្រូវមកតេស្តយកសំណាកលើកទី២ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ចាប់ផ្តើមពីម៉ោង៨ព្រឹកតទៅ៕EB