ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ បានបញ្ជាឱ្យ ក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក និង ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមាន ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា «កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ យកមកចាក់ជូនប្រជាជនយើង ដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ»។

សម្ដេចតេជោ បន្ដថា ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់ឲ្យប្រើប្រាស់ហើយ នឹងកំពុងបញ្ចេញលក់ឲ្យ ប្រទេសនានាផងដែរ។ ល្ងាចនេះ សម្ដេចក៏បានបានណែនាំឲ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយ ដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំក៏បានណែនាំ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការ ទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នក ដែលធ្វើការនៅកន្លែងដែលមាន ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្ស ប្រមាណ១០លាននាក់ ត្រូវការចាក់វ៉ាក់សាំង»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា «ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកា សម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូបឲ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។យើងសង្ឃឹមថា ដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ ប្រជាជនយើង ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យឲ្យយើង។ ខ្ញុំក៏បានណែនាំ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូស ថែមទៀត ផងដែរ សម្រាប់ដំណាក់កាលបន្ទាប់»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ