ភ្នំពេញ ៖ គណៈកម្មការទន្លេមេគង្គ ហៅកាត់ អឹម អ ស៊ី បានចេញការព្រមានពីគ្រោះរាំងស្ងួត នៅភាគ ឥសាននៃប្រទេសកម្ពុជា ភាគខាងត្បូងប្រទេសឡាវ និងប៉ែកកណ្ដាលប្រទេសវៀតណាម ដោយសារតែភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច និងការបិទទឹកពីប៉ែកខាងលើទន្លេមេគង្គ។

មជ្ឈមណ្ឌលគ្រប់គ្រង់ទឹកជំនន់ និងគ្រោះរាំងស្ងួត របស់ អឹម អ ស៊ី បានបញ្ជាក់ថា តំបន់ផ្សេងៗទៀត ក៏អាចប្រឈមមុខនឹងគ្រោះរាំងស្ងួតកម្រិតមធ្យមទៅខ្លាំងផងដែរ។ អាងទន្លេមេគង្គក្រោម បានជួបប្រទះនូវការថយចុះនូវទឹកភ្លៀង ប្រហែល៧០% កាលពីខែឧសភា និងខែមិថុនា បើធៀបនឹងឆ្នាំមុនដែលបានធ្វើឲ្យតំបន់នេះបានជួបនូវគ្រោះរាំងស្ងួតរួចទៅហើយ។តួលេខ នៅខែកក្កដា មិនទាន់ត្រូវបានបញ្ចេញនោះទេ។

គណៈកម្មការទន្លេមេគង្គ បានឲ្យដឹងថា នៅកម្ពុជាបឹងទន្លេសាប គិតមកទល់ពេលនេះ មានកម្រិតទឹកត្រឹមតែ១ភាគ៣ នៃកម្រិតទឹកជាធម្មតា។ទន្លេសេកុង សេសាន និងស្រែពក មានសភាពហួតហែង នៅខែនេះ។សម្រាប់ប្រទេសឡាវ នៅជុំវិញរដ្ឋធានីវៀងចន្ទន៍ បានរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងកម្រិតទឹកភ្លៀងតិចតួច។

សូមជម្រាបថា ទន្លេមេគង្គមានប្រភពនៅខ្ពង់រាបតំបន់ទីបេ ដែលមានប្រវែងប្រហែល ៤ពាន់២រយ គីឡូម៉ែត្រ ដែលហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម ហើយហូរចាក់ទៅក្នុងសមុទ្រចិនខាងត្បូង។ គេចាត់ទុក មេគង្គជាទន្លេវែងទី១០ នៅក្នុងពិភពលោក ដែលទន្លេនេះ ធំបំផុត និងសំខាន់ជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍។ 

សូមបញ្ជាក់ថ នៅកម្ពុជាទន្លេនេះហូរពីជើងទៅត្បូងក្នុងចម្ងាយ ៥០០គីឡូម៉ែត្រ នៅត្រង់ភ្នំពេញ ទន្លេមេគង្គ បែកចេញជាបួន ដែលគេហៅថា «ទន្លេចតុមុខ» ឬ«ទន្លេមុខបួន»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ