ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្នុងនោះដែរ ប្រមុខក្រសួងមហាផ្ទៃ បានណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយថៃ ត្រូវខិតខំការពារនូវផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ រកស៊ី និងរស់នៅក្នុងទឹកដីថៃ ព្រមទាំងត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋដែលកំពុងនៅ ប្រទេសថៃ ឱ្យវិលចូលក្នុងប្រទេសវិញក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់វុធ នៅតាមខ្សែបន្ទាត់ព្រំដែន។ ទន្ទឹមនេះ សូមអប់រំណែនាំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋកុំ ឱ្យឆ្លងដែនចូលទៅប្រទេសថៃជាបណ្តោះអាសន្ន ប្រសិនបើមិនចាំបាច់។

សូមរំលឹកថា ក្រោយពីព្រឹត្តការណ៍នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលកម្លាំងយោធាថៃបាន ចូលបើកការបាញ់ប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជា បណ្តាលឱ្យទាហានខ្មែរម្នាក់ពលីជីវិតយ៉ាង អាណោចអាធ័ម ស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងមហាផ្ទៃ បានតាមដានយ៉ាងយកចិត្តទុកដាក់ និងពិនិត្យឃើញថាសភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃបានវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងមានភាពផុយស្រួយ ដែលអាចឈាន ដល់ការប្រឈមមុខដាក់គ្នាផ្នែកកម្លាំងប្រដាប់អាវុធ។

នាពេលថ្មីៗនេះ ភាគីថៃបានបិទ ឬផ្លាស់ប្តូរពេល វេលាចេញចូលឆ្លងកាត់ព្រំដែននៅតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនមួយចំនួនជាឯកតោភាគី ដោយមិនបានជូនដំណឹងផ្លូវការជាមុនមកភាគីកម្ពុជា ដូចមានចែងក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ