គណៈកម្មការទន្លេមេគង្គ ជំរុញឲ្យប្រទេសតាមដងទន្លេមេគង្គ ដោះស្រាយបញ្ហាលំហូរទឹកទាប ខណៈបឹងទន្លេសាបរបស់កម្ពុជា អាចជួបប្រទះស្ថានភាពស្ងួតខ្លាំង
ភ្នំពេញ ៖ គណៈកម្មការទន្លេមេគង្គ (MRC) បានជំរុញដល់ប្រទេសតាមដងទន្លេមេគង្គទាំង ៦ ឱ្យដោះស្រាយបញ្ហាលំហូរទឹកទាបក្នុងតំបន់ ខណៈដែលអាងទន្លេមេគង្គក្រោមប្រឈមនឹងកំណត់ត្រាលំហូរទឹកទាបអស់រយៈពេល២ឆ្នាំបន្តបន្ទាប់គ្នា ជាពិសេសធ្វើឱ្យបឹងទន្លេសាបរបស់ ប្រទេសកម្ពុជាជួបប្រទះស្ថានភាពស្ងួតខ្លាំងដែលបង្កឱ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ ដល់កម្រិតទាបបំផុត។
យោងតាមរបាយការណ៍របស់គណៈកម្មការទន្លេមេគង្គ បានឲ្យដឹងថា អាងទន្លេមេគង្គក្រោម អំឡុងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២០នេះ បានកំណត់នូវបុព្វហេតុបឋមជាច្រើនដែលអាចបង្កឱ្យមានលំហូរទឹកទាប និងគ្រោះរាំងស្ងួតសម្រាប់ឆ្នាំនេះ។ មូលហេតុទាំងនេះ រួមមានបរិមាណភ្លៀងធ្លាក់តិចតួចខុសប្រក្រតីដែលបង្កដោយបាតុភូតអាកាសធាតុអែល នីណូ (El Nino) ស្ថានភាពលំហូរទាបរយៈពេលយូរដែលបន្តអូសបន្លាយចាប់ពីឆ្នាំ២០១៩ មក និងលំហូរទឹកកម្រិតទាបជាងមុនពីដៃទន្លេមេគង្គ។ សម្រាប់លំហូរទាបបែបនេះ បានធ្វើឱ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះ“ស្ថានភាពស្ងួតខ្លាំង”ដែល បង្កឱ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រាគិតចាប់ពីឆ្នាំ ១៩៩៧ មក។
ដោយប្រើប្រាស់ទិន្នន័យតាមដានទិន្នន័យទឹកភ្លៀង និងអាកាសធាតុពី MRC និងពីប្រភពជាសកលផ្សេងៗទៀត ក្នុងរបាយការណ៍នេះបន្ថែមថា ប្រតិបត្តិការនៃទំនប់នានាតាមទន្លេមេក្នុងអាងទន្លេមេគង្គលើ និងទំនប់តាមដៃទន្លេផ្សេងៗក្នុងអាងទន្លេមេគង្គក្រោមអាចនឹងជះឥទ្ធិពលលើស្ថានភាពលំហូរទឹកទាប នាពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ លេខាធិការដ្ឋានMRCមិនមានទិន្នន័យ និងព័ត៌មានជាផ្លូវការ ដើម្បីផ្ទៀងផ្ទាត់ពី ផលប៉ះពាល់ដែលអាចកើតមាននៃប្រតិបត្តិការទំនប់វារីអគ្គិសនីក្នុងអាងទន្លេមេគង្គលើទេ។
លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ(MRC) បានអំពាវនាវឱ្យប្រទេសតាមដងទន្លេមេគង្គទាំង ៦ បង្កើនការចែករំលែកទិន្នន័យ និងព័ត៌មានអំពីប្រតិបត្តិការទំនប់ និងហេដ្ឋារចនាសម្ព័ន្ធទឹករបស់សាម៉ីប្រទេស ជាមួយនឹង MRC ឱ្យបានរហ័ស និងប្រកបដោយតម្លាភាព។
លោកបណ្ឌិតបានបញ្ជាក់ថា “វាដល់ពេលហើយ ដែលប្រទេសទាំងអស់ ត្រូវអនុវត្តន៍នូវអ្វីដែលខ្លួនបានអះអាង និងធ្វើសកម្មភាពដើម្បីប្រយោជន៍រួមសម្រាប់អាងទន្លេមេគង្គទាំងមូល និងសម្រាប់សហគមន៍ដែលរងផលប៉ះពាល់”៕EB