ភ្នំពេញ ៖ គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC បានសិក្សារកឃើញថា គម្រោងទំនប់វារីអគ្គិសនីចំនួនពីរ តាមដងទន្លេដ៏សំខាន់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺទំនប់វារីអគ្គិសនីដនសាង និងសាយាបូរី របស់ឡាវ បង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ តែក្នុងកម្រិតមធ្យម ទៅលើលំហូរទឹក កំណកកករ និងជលផល។

គណៈកម្មការទន្លេមេគង្គ បានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវរបស់ខ្លួនកាលពីសប្តាហ៍មុន ពាក់ព័ន្ធទៅនឹងផលប៉ះពាល់បង្កឡើងដោយទំនប់វារីអគ្គិសនីដនសាហុង និងសាយាបូរីរបស់ឡាវ។

គណៈកម្មការទន្លេមេគង្គ បានគូសបញ្ជាក់ថា ក្រុមអ្នកអង្កេតចម្រុះជាតិសាសន៍ ដែលចូលរួមដំណើរការគម្រោងសាកល្បងកម្មវិធីតាមដានបរិស្ថានរួម (Joint Environmental Monitoring programme) របស់ MRC បានវាស់ស្ទង់លើសូចនាករសំខាន់ៗទាំងប្រាំ នៃសុខមាលភាពទន្លេមេគង្គ រួមមានជលសាស្ត្រ កំណកកករ គុណភាពទឹក អេកូឡូស៊ីក្នុងទឹក និងជលផល។

តាមរយៈការសាកល្បងកម្មវិធីនេះ បានធ្វើការសិក្សាលើគម្រោងទំនប់វារីអគ្គិសនីថ្មីៗចំនួនពីរ គឺគម្រោងដនសាហុង និងសាយាបូរី MRC មានគោលដៅបង្កើតឱ្យបាននូវវិធីសាស្ត្រ និងបទដ្ឋានតាមដាននានា ដែលប្រតិបត្តិករទំនប់ទាំងអស់លើទន្លេមេនៃទន្លេមេគង្គ អាចនឹងប្រើប្រាស់អនុវត្តបាននាពេលអនាគត។

ក្នុងចំណោមការរកឃើញសំខាន់បំផុតនៃការសាកល្បងនេះ ក្រុមអ្នកតាមដាន បានសង្កេតឃើញថា លំនាំលំហូរទន្លេជារួម មិនមានការប្រែប្រួលនោះទេ។ នៅតំបន់ផ្នែកខាងលើទំនប់ សុខមាលភាពអេកូឡូស៊ីរបស់ទន្លេ មានកម្រិត «ល្អ» និង «មធ្យម» ក្នុងតំបន់អាងស្តុក ក៏ដូចជាតំបន់ផ្នែកខាងក្រោមទនៃទំនប់ទាំងពីរ។ គុណភាពទឹកស្ថិតក្នុងស្ថានភាព «ល្អ» សម្រាប់ការប្រើប្រាស់របស់មនុស្ស។ ក្នុងតំបន់អាងទំនប់ វាមិនមានភស្តុតាងបង្ហាញពីការបង្កើតស្រទាប់កករ ដែលអាចជះឥទ្ធិពលដល់ទាំងគុណភាពទឹក និងជលផលទេ។ ប៉ុន្តែនៅពេលទឹកហូរកាត់តាមទំនប់ «វាមានភស្តុតាងតិចតួច បង្ហាញពីការប្រែប្រួលគុណភាពទឹកនៅផ្នែកខាងក្រោមទន្លេ»។

នៅផ្នែកខាងក្រោមនៃគម្រោងសាយាបូរី ក្នុងប្រទេសឡាវ ក្រុមអ្នកតាមដាន ក៏បានប្រទះឃើញការប្រែប្រួលកម្រិតទឹកប្រចាំថ្ងៃ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីផងដែរ។ ក៏ប៉ុន្តែ បញ្ហានេះ មិនបានកើតមាននៅផ្នែកខាងក្រោមនៃទំនប់ដនសាហុងទេ។ ក្រុមអ្នកតាមដាន ក៏បានសង្កេតឃើញលំនាំដែលបានចាប់ផ្តើមកើតមានកាលពីឆ្នាំ ២០១៨ នោះគឺការធ្លាក់ចុះនៃបណ្តុំកករ និងការផ្ទុកនូវកំណកកករ ដែលនាំមកនូវអាហាររូបត្ថម្ភចិញ្ចឹម និងធ្វើឲច្រាំងទន្លេមានលំនឹង។ ក៏ប៉ុន្តែ ការថមថយចុះនេះ «អាចនឹងបណ្តាលមកពីការបង្ខាំង ឬការកកស្ទះនៃកំណកកករ តាមតំបន់គម្រោងវារីអគ្គិសនីតាមដៃទន្លមេ និងទន្លេមេគង្គ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ