សម្តេចតេជោ ហ៊ុន សែន ៖ ភាគីថៃគួរបញ្ជូនជនម្នាក់បង្កើតវិដេអូក្លែងក្លាយពាក់ព័ន្ធបញ្ហាព្រំដែនមកកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើឲ្យភាគីថៃគួរតែចាប់បញ្ជូនយុវជនម្នាក់ដែលបន្លំស្លៀកសម្លៀកបំពាក់យោធា ហើយបង្កើតវិដេអូក្លែងក្លាយពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃមកកម្ពុជាវិញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ក្រោយឃើញក្រុមប្រឆាំងដែលជាពួកឧទ្ទាមក្រៅច្បាប់ចែកចាយវិដេអូរបស់យុវជនម្នាក់បន្លំស្លៀកពាក់ឯកសណ្ឋានយោធា សម្តេចតេជោបានមានប្រសាសន៍ថា អំពើក្បត់ជាតិរបស់ក្រុមប្រឆាំងគឺបែបនេះឯងដែលពូកែច្នៃប្រឌិតបង្កើតជារឿងញុះញង់ឲ្យមានភាពច្របូកច្របុល គឺទាំងមេទាំងកូនដូចគ្នា។
សម្តេចតេជោបន្តថា ប្រទេសជាតិកំពុងប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាមេក្រុមប្រឆាំងទាំងកូនទាំងចៅរបស់ពួកគេ នាំគ្នាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរទៅវិញ តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយក្នុងគោលបំណងញុះញង់ឲ្យមានភាពវឹកវរពេញផ្ទៃប្រទេស ។
សម្តេចតេជោគូសបញ្ជាក់ថា “ប្រសិនបើអាជ្ញាធរថៃ មិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហាន ចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់”។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ១០ មិថុនា នេះ មានយុវជនម្នាក់ដែលជាក្រុមឧទ្ទាមបានបង្កើតព័ត៌មានបែបញុះញង់បន្ថែមទៀត ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងគ្រាមេដឹកនាំកម្ពុជា កំពុងយកចិត្តទុកដាក់ដោះស្រាយលើករណីព្រំដែននេះជាខ្លាំងជាមួយភាគីថៃ។
យុវជនខាងលើនេះ បានស្លៀកពាក់ជាឯកសណ្ឋានយោធា ហើយបានបន្លំនិយាយតាមប្រព័ន្ធអេកូមនិយាយបញ្ឆេះកំហឹងរឿងព្រំដែន ។ ករណីនេះ បើតាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺបុគ្គលរូបនេះមានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាសកម្មជនគណបក្សប្រឆាំង មានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ ស្រុកកំណើតនៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅក្នុងប្រទេសថៃ។ អ្នកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកការផ្សព្វផ្សាយរបស់បុគ្គលរូបនេះ ជាការញុះញង់ រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ៕