ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា រកឃើញមនុស្សទី ២លាន ដែលបានចាក់វ៉ាក់ សាំង ជាកម្មការរិនីរោងចក្រ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ចំនួន១០លានរៀល។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំង កាលពីថ្ងៃទី៨ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១បានទៅ ហ៊ុន ម៉ាណែត ហើយ ថ្ងៃ១១ ខែ មេសា ២០២១ បានរកឃើញមនុស្សទី១លាន ដែលបានចាក់វ៉ាក់សាំងដែលបានលោក ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀល។

សម្ដេចតេជោ មានប្រសាសន៍ថា «ថ្ងៃនេះ១៤ ខែ ឧសភា ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។ សូមក្មួយស្រី ទិត ចិតា្តទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង»។

សម្ដេចតេជោ បន្ដថា ក្នុងយុទ្ទសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង គ្មានជម្រើសណាឱ្យល្អជាងការខិតខំស្វែងរក វ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ សម្ដេចថា ការឆ្លងក្នុងសហគមន៍ ម្តងហើយ ម្តងទៀត នៅស្ទើរគ្រប់ប្រទេសតម្រូវឱ្យខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។

សម្ដេចតេជោ បន្ថែមថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមាន អាយុ១៨ឆ្នាំឡើង ដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាន នាក់ប៉ុណ្ណោះ ដែលថ្ងៃនេះចាក់បាន២លាននាក់ស្មើនឹង២០ភាគរយរួចទៅហើយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ការចាក់វ៉ាក់សាំងនេះ យើងក៍បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។សូមបងប្អូនកុំបារម្ភ រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ