វេជ្ជបណ្ឌិត Yi Fan និង Hu Weifeng ដែលទាំងពីរនាក់មានវ័យ ៤២ឆ្នាំ បានឆ្លងវីរុសកូរ៉ូណា ខណៈដែលពួកគេកំពុងព្យាបាលអ្នកជំងឺនៅឯមន្ទីរពេទ្យ Wuhan Central កាលពីខែមករា។

គ្រូពេទ្យព្យាបាលជំងឺរបស់ពួកគេបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនថា ពណ៌ស្បែកមិនប្រក្រតីរបស់ពួកគេ គឺបណ្តាលមកពីអតុល្យភាពអ័រម៉ូន បន្ទាប់ពីថ្លើមរបស់ពួកគេត្រូវបានបំផ្លាញដោយវីរុស។

វេជ្ជបណ្ឌិត Yi  និងវេជ្ជបណ្ឌិត Hu ជាមិត្តរួមការងារជាមួយអ្នកទម្លាយរឿងផ្ទៃក្នុងដ៏ល្បីល្បាញលោកវេជ្ជបណ្ឌិត Li Wenliang ដែលត្រូវបានផ្តន្ទាទោសពីការផ្តល់តម្រុយនៃវីរុសកូរ៉ូណា ហើយបន្ទាប់មកបានស្លាប់ដោយសារវីរុសនេះនៅថ្ងៃទី៧ ខែកុម្ភៈ។

វេជ្ជបណ្ឌិតជនជាតិចិនទាំងពីរនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅថ្ងៃទី១៨ ខែមករា។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Wuhan Pulmonary ហើយបន្ទាប់មកត្រូវបានផ្ទេរចំនួនពីរដង។ នេះបើយោងតាមទូរទស្សន៍ CCTV របស់រដ្ឋចិន។

វេជ្ជបណ្ឌិត Yi ដែលជាគ្រូពេទ្យឯកទេសជំងឺបេះដូង បានផ្តួលកូវីដ១៩បានសម្រេច បន្ទាប់ពីគ្រូពេទ្យបានភ្ជាប់គាត់ទៅនឹងម៉ាស៊ីនទ្រទ្រង់ជីវិតដែលមានឈ្មោះថា ECMO អស់រយៈពេល ៣៩ថ្ងៃ។

ECMO គឺជាដំណើរការទ្រទ្រង់ជីវិតយ៉ាងខ្លាំងមួយ ដែលជំនួសមុខងាររបស់បេះដូង និងសួត ដោយច្របាច់អុកស៊ីសែនចូលទៅក្នុងឈាមនៅខាងក្រៅរាងកាយ។

ថ្លែងប្រាប់ទូរទស្សន៍ CCTV  ពីគ្រែមន្ទីរពេទ្យរបស់លោក កាលពីម្សិលមិញលោក Yi បាននិយាយថាលោកបានជាសះស្បើយបានច្រើន។ គាត់បាននិយាយថាគាត់អាចរើខ្លួននៅលើគ្រែធម្មតា ប៉ុន្តែនៅតែតស៊ូដើរដោយខ្លួនឯង។

ចំណែកស្ថានភាពរបស់វេជ្ជបណ្ឌិត Hu វិញ កាន់តែធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិត Li Shusheng ដែលព្យាលបាលលោក Hu និយាយថា គ្រូពេទ្យជំនាញខាងតម្រងនោមរូបនេះ បានសម្រាកនៅលើគ្រែពេកអស់រយៈពេល ៩៩ថ្ងៃ ហើយសុខភាពទូទៅរបស់គាត់ខ្សោយ។ 

លោក Li បាននិយាយថា គាត់មានការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់វេជ្ជបណ្ឌិត Hu។ លោក Li និយាយថា "គាត់មិនឈប់និយាយជាមួយគ្រូពេទ្យដែលមកពិនិត្យគាត់ទេ"។

លោក Hu បានទទួលការព្យាបាល ECMO ចាប់ពីថ្ងៃទី ៧ខែកុម្ភៈដល់ថ្ងៃទី២២ ខែមីនា និងទទួលបានសមត្ថភាពនិយាយឡើងវិញនៅថ្ងៃទី១១ ខែមេសា។ គាត់នៅតែត្រូវបានគេមើលថែនៅក្នុងបន្ទប់ ICU នៅក្នុងមន្ទីរពេទ្យតែមួយជាមួយវេជ្ជបណ្ឌិត Yi។

លោកវេជ្ជបណ្ឌិត Li បានសង្ស័យថា ស្បែករបស់ពេទ្យទាំងពីរបានប្រែទៅជាស្រអាប់ ដោយសារតែប្រភេទថ្នាំដែលពួកគេបានទទួលនៅដំណាក់កាលដំបូងនៃការព្យាបាល។ គាត់បានបន្ថែមទៀតថា ផលប៉ះពាល់មួយនៃថ្នាំ គឺផ្តល់ពណ៌ស្រអាប់ទៅលើស្បែក។ គាត់មិនបានប្រាប់ឈ្មោះថ្នាំនោះទេ។

វេជ្ជបណ្ឌិត Li រំពឹងថាពណ៌ស្បែករបស់ពេទ្យទាំងពីរនេះ នឹងវិលមករកភាពធម្មតាវិញ បន្ទាប់ពីមុខងារនៃថ្លើមរបស់ពួកគេមានភាពប្រសើរឡើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ